កំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកម្លាំងនគរបាលចុះធ្វើការស្រាវជ្រាវករណីហិង្សាដោយចេតនា ដែលបង្កឡើងដោយជនល្មើសពីរនាក់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៨:១០នាទី។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិប្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មុនពេលជនសង្ស័យទាំងពីររត់គេចខ្លួនបាត់។

ជនសង្ស័យទាំងពីរនាក់រួមមាន៖ ឈ្មោះ ងី ចិក ភេទប្រុស អាយុប្រហែល៣០ឆ្នាំ រស់នៅភូមិប្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ និងបក្សពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពជិះម៉ូតូពីរគ្រឿងម៉ាកហុងដាC125 ដេញតាមពីក្រោយ និងកាក់ពីមុខម៉ូតូជនរងគ្រោះឈ្មោះ ហ៊ឹម នឿន ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ អិន ថុល ភេទប្រុស អាយុ៣៦ឆ្នាំ ជាបងថ្លៃ។

បន្ទាប់មក ជនសង្ស័យបានចុះមកវាយជនរងគ្រោះឈ្មោះ ហ៊ឹម នឿន ជាច្រើនដៃ បណ្តាលឲ្យបែកមុខ ជាំភ្នែកខាងឆ្វេង និងដាច់កហូរឈាមពេញខ្លួន។ ចំណែកឯជនរងគ្រោះឈ្មោះ អិន ថុល ត្រូវបានជនល្មើសវាយជាច្រើនដៃ និងចាប់បោកបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវក្បាលនិងភ្នែក។ ក្រោយមក ក្រុមគ្រួសារបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ (លោកសង្ឃ) នៅរាជធានីភ្នំពេញដើម្បីសង្គ្រោះព្យាបាល។

តាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកបានសហការឃាត់ខ្លួនជនល្មើស និងបក្សពួក រួមជាមួយម៉ូតូមួយគ្រឿងម៉ាក LET ពណ៌ស-ក្រហម ផ្លាកលេខកំពង់ស្ពឺ 1Q-6779។ ជនសង្ស័យទាំងពីរមានឈ្មោះ ឆុំ កាណា ភេទប្រុស អាយុ៣២ឆ្នាំ ភូមិតានក ឃុំភក្ដី ស្រុកបសេដ្ឋ និងឈ្មោះ ងី ចិក ភេទប្រុស អាយុ៣០ឆ្នាំ។ បច្ចុប្បន្ន ពួកគេត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។

ជនសង្ស័យបានឆ្លើយសារភាព និងទទួលស្គាល់ថា ក្រុមខ្លួនពិតជាបានវាយប្រហារលើជនរងគ្រោះទាំងពីរពិតមែន ដោយសារតែជនរងគ្រោះជិះម៉ូតូមើលមុខពួកគេ “ឌឺ” ទើបពួកគេសម្រេចចិត្តវាយតែម្តង មិនមែនជាករណីគុំគួនអ្វីនោះទេ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាងម៉ូតូទៅកាន់ការិយាល័យព្រហ្មទណ្ឌខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ចតុមុខ

Share.