ក្រុមបាល់ទះជម្រើសជាតិអ៉ីរ៉ង់ នឹង​ត្រូវ​ជួប​សាធារណរដ្ឋឆេក ដែល​ជាក្រុម​ទើប​ឡើង​មក​កាន់​វគ្គសំខាន់​នេះ​ជាលើកដំបូង ដើម្បី​ដណ្ដើម​កៅអី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណ:អាមេរិក ជួប​ប៊ុលហ្គារី ក្នុងព្រឹត្តិការណ៍​ពានរង្វាន់បាល់ទះកម្រិត​ពិភពលោក FIVB Men’s Volleyball World Championship 2025 នៅ​ថ្ងៃនេះ។

អ៉ីរ៉ង់ ជាក្រុមនៅអាស៊ី តែមួយគត់ ដែល​ឈានជើង​ឡើងដល់​វគ្គ ១៦ក្រុមចុង​ក្រោយ ខណ:ម្ចាស់​ផ្ទះហ្វីលីពីន, ជប៉ុន, ចិន កូរ៉េខាងត្បូង សុទ្ធតែធ្លាក់ត្រឹម​វគ្គជម្រុះក្នុងពូលទាំងអស់។

កម្មវិធីប្រកួត​វគ្គ ៨ក្រុម​ចុង​ក្រោយ​ថ្ងៃទី២៥ កញ្ញា ២០២៥៖

  • អ៉ីរ៉ង់ ប្រកួត​ជាមួយ សាធារណរដ្ឋឆេក ម៉ោង ៣:៣០នាទីរសៀល
  • អាមេរិក ប្រកួត​ជាមួយ ​ប៊ុលហ្គារី ម៉ោង ៨:០០នាទីយប់

ស្របពេល ប៉ូឡូញ និង​អ៊ីតាលី កក់កៅអី​វគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ រួច​រាល់។ ដូច​នេះ​សម្រាប់​កម្មវិធីប្រកួតវគ្គ ៨ក្រុម ប្រកួត​ថ្ងៃទី២៤-២៥ ខែកញ្ញា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួត​ថ្ងៃទី២៧ ខែកញ្ញា វគ្គចំណាត់​ថ្នាក់​លេខ៣ និង​ផ្ដាច់ព្រ័ត្រ ប្រកួត​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។

ការប្រកួតពានរង្វាន់បាល់ទះជើងឯកពិភពលោក ឆ្នាំ២០២៥ ដែល​ហ្វីលីពីន ធ្វើ​ជាម្ចាស់​ផ្ទះ គឺជាការប្រកួតលើកទី២១ ដោយក្រុមជម្រើសជាតិបុរសនៃសមាជិកនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) នៅទូទាំងពិភពលោក ចំនួន ៣២ក្រុម មកពី ៥តំបន់ ចែក​ចេញ​ជា ៨ពូល។ ការប្រកួត​ធ្វើ​ឡើង ចាប់​ពីថ្ងៃទី១២ រហូត​ដល់​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បី​រកឃើញ​ម្ចាស់ជើងឯក។

សម្រាប់ការប្រកួតពានរង្វាន់បាល់ទះ ផ្នែកនាបុរស់កម្រិតពិភពលោក ឆ្នាំ២០២៥ គឺជាលើកដំបូង ដែលនឹងត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស់ពិភពលោក 2025 FIVB Volleyball Men’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៤៩ ធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦លើក អ៊ីតាលី ៤លើក ប្រេស៊ីល និងប៉ូឡូញ ៣លើក ឆេកូស្លូវ៉ាគី ២លើក អាមេរិក និងអាល្លឺម៉ង់ខាងកើត ១លើក៕

Share.