ភ្នំពេញ ៖ រថយន្តម៉ាកJeepមួយគ្រឿង ពាក់ ស្លាកលេខ កម្ពុជា RATHA.76 បើកបរដោយស្ត្រីម្នាក់ បានបុកគ្នាជាមួយរថយន្តPrius មួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត ហូរសាំងក្លាយជាអគ្គិភ័យឆាបឆេះ សន្ធោសន្ធៅ សល់តែគ្រោងដែក ផ្អើលពលរដ្ឋជួយពន្លត់ តែមិនឈ្នះ រហូតដល់សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់ភ្លើង កាលពីវេលាម៉ោង២និង២៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅស្តុបណតប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីរថយន្តម៉ាកJeep ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា RATHA.76 បើកបរដោយស្ត្រីម្នាក់ ពីកើតទៅលិច ដល់ចំណុចភ្លើងស្តុប បានបុកគ្នាជាមួយ ភាគីរថយន្តម៉ាកPrius ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2CE-3962 បើកបរដោយបុរសម្នាក់ ពៅជើងទៅត្បូង និងបុកម៉ូតូ ម៉ាក VARIO ពណ៌ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1KM-7137 បណ្តាលឱ្យរងខូចខាត បែកធ្លាយហូរសាំង ក្លាយជាអគ្គិភ័យឆាបឆេះរថយន្តJeep សន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ តែមិនអាចគ្រប់គ្រងបាន ភ្លើងឆេះកាន់តែខ្លាំងឡើង រហូតដល់សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង រថយន្តឆេះខ្ទេចទាំងស្រុង សល់តែឆ្អឹងដែក តែករណីខាងលើមិនមានអ្នកណារងរបួស ខូចខាតតែទ្រព្យសម្បត្តិ ។



ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យវាស់វែង យកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅការិយាល័យចេាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ តាតុងសែនជ័យ

