ព្រះសីហនុ ៖ បុរស៣នាក់ ត្រូវបានទឹករលកសមុទ្របក់បោកទាញយកទៅបាត់ ផ្អើលពលរដ្ឋ សមត្ថកិច្ចនាំគ្នាជួយរក កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅម្តុំជិតដើមឈើចាំស្នេហ៍ ភូមិគគី សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

បុរសរងគ្រោះទាំង៣នាក់ ទី១ ឈ្មោះ ម៉េន ម៉េត រកឃើញហើយ សពភ្លាមៗ , ទី២ ឈ្មោះ អ៊ុន វិត , ទី៣ ឈ្មោះ នឿន រ៉ានុត ។ ជនរងគ្រោះទាំង៣នាក់ មានទីលំនៅភូមិភ្នំតូច សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះនិងក្រុមគ្រួសារ បានទៅលេងមាត់ឆ្នេរ នៅចំណុចខាងលើ ហើយជនរងគ្រោះបាននាំគ្នាចុះលេងទឹក ស្រាប់តែរលកសមុទ្របក់បោកទាញយកជនរងគ្រោះ លង់លិចស្លាប់បាត់ខ្លួន។

ភ្លាមៗផ្អើលពលរដ្ឋ សមត្ថកិច្ច តាមស្វែងរកឃើញសពម្នាក់ បន្តស្វែងរករហូតដល់វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល រកឃើញសាកសពម្នាក់ទៀត ហើយនាំគ្នាបន្តតាមរកសពជនរងគ្រោះនៅសល់ម្នាក់ទៀត ។

ការស្វែងរកសាកសព បន្តរហូតដល់ព្រលប់ថ្ងៃដដែល ទើបប្រទះឃើញ សរុប៣នាក់ សមត្ថកិច្ចធ្វើការពិនិត្យ កោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.