អន្តរជាតិ ៖ តុលាការកូរ៉េខាងត្បូង បានកាត់ទោសលោក Park Sun-kwon ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនផលិតថ្មអេឡិចត្រូនិកដ៏ធំមួយដាក់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ បន្ទាប់ពីមានករណីអគ្គិភ័យឆេះរោងចក្ររបស់ក្រុមហ៊ុនលោកមានឈ្មោះ Aricell នៅទីក្រុង Hwaseong អំឡុងខែមិថុនា ឆ្នាំ ២០២៤ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ ២៣ នាក់ រួមមានទាំងពលករចំណាកស្រុក ១៨ នាក់ និងរបួស ៨ នាក់។

តុលាការកំពូលកូរ៉េខាងត្បូងបានចាត់ទុកថា អគ្គិភ័យនេះគឺជា «គ្រោះមហន្តរាយដែលបានមើលឃើញទុកជាមុន» ដោយលោក Park និងអ្នកគ្រប់គ្រងផ្សេងទៀត គឺជាអ្នកដែលបណ្ដាយឱ្យកម្មករស្លាប់ និងរងរបួស។ កូនប្រុសរបស់លោក Park ដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល ១៥ ឆ្នាំដូចគ្នាផងដែរ។
ការសម្រេចផ្ដន្ទាទោសនេះត្រូវបានចាត់ទុកថា ជាការកាត់ទោសដាក់ពន្ធនាគាររយៈពេលវែងបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោមច្បាប់សុវត្ថិភាពឧស្សាហកម្មរបស់កូរ៉េខាងត្បូង ដែលបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់ម្ចាស់ ក្រុមហ៊ុនឬនាយកប្រតិបត្តិក្រុមហ៊ុនបានប្រព្រឹត្តិកំហុសឆ្គងបច្ចេកទេស និងបណ្តាយឱ្យមនុស្សស្លាប់។

យ៉ាងណាមិញ របាយការណ៍ប៉ូលិសបានលើកឡើងថា ព្រះរាជអាជ្ញាបានស្នើសុំឱ្យតុលាការកាត់ទោសដាក់ពន្ធនាគារ ២០ ឆ្នាំ ក្រោមហេតុផលថា អ្នកគ្រប់គ្រងក្រុមហ៊ុន Aricell បានកែប្រែរោងចក្ររបស់ខ្លួនគ្មានការអនុញ្ញាតិ និងធ្វើឱ្យកម្មករពិបាកក្នុងការរត់គេចខ្លួននៅពេលមានអគ្គិភ័យកើតឡើង។ មន្ត្រីស៊ើបអង្កេតក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Aricell ពិតជាមិនមានវិធានការសុវត្ថិភាពគ្រប់គ្រាន់ និងមិនបានហ្វឹកហ្វឺនបុគ្គលិករបស់ខ្លួនពីរបៀបការពារខ្លួនបានត្រឹមត្រូវនៅពេលមានគ្រោះអាសន្ននោះទេ។ នេះបើយោងតាមសារព័ត៌មាន BBC នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥៕

