ថ្មីៗនេះ អ្នកសារព័ត៌មានប្រចាំកងទ័ព ឬស្និទ្ធិនឹងក្រុមយោធា ដែលមានឈ្មោះថា វាសនា ណានួម បានចូលរួមក្នុងកម្មវិធីព័ត៌មានរបស់ប៉ុស្តិ៍ទូរទស្សន៍ PPCTV 36 ដោយនៅក្នុងនោះ លោកស្រី បានបញ្ជាក់ថា ការប៉ះទង្គិចគ្នារយៈពេល៥ថ្ងៃ ទ័ពសៀម បាញ់គ្រាប់អស់រាប់លានគ្រាប់ ប៉ុន្តែនៅពេលនេះពួកគេបានកម្មង់ទិញវិញជើងទីមួយអស់១០០០លានបាត និងកំពុងដាក់កម្មង់ជើងទីពីរបន្ថែមដើម្បីត្រៀមទិញអាវុធចំនួន២៤៧៩លានបាតទៀត។

ការអួតរបស់អ្នកសារព័ត៌មានថៃ ពីសមត្ថភាពទិញអាវុធចូលថ្មីបន្ថែមរបស់កងទ័ពនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ថៃ គឺជាភាគីដែលបានកំពុងតែឈ្លានពានលើប្រទេសកម្ពុជា និងបំពានលើបទឈប់បាញ់ដែល កម្ពុជានិងថៃបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំ GBC កាលពីថ្ងៃ ៣១ កក្កដា ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាអ្នកសម្របសម្រួលផ្ទាល់ ហើយថៃ ក៏បានទាត់ចោលនូវអ្វីដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងជារឿយៗថា លោកបានបញ្ចប់ការប៉ះទង្គិចគ្នារវាង កម្ពុជា និងថៃ ដោយជោគជ័យ។



ជាការចាប់អារម្មណ៍ មូលហេតុមួយដែលអាចជាដើមចម ធ្វើឱ្យទាហាន ឬក្រុមយោធាថៃ គ្មានបំណងចង់បញ្ចប់ទំនាស់ព្រំដេនជាមួយនឹងកម្ពុជា ហើយបន្តបញ្ឆេះកំហឹងពលរដ្ឋខ្លួន ដើម្បីស្វែងរកការគាំទ្រ ព្រោះរាល់ពេលដែលមានការបញ្ជាទិញអាវុធចូលក្នុងឃ្លាំង ក្រុមយោធា នឹងទទួលបានលុយចូលហោប៉ៅ ពី ៣០% ទៅ៥០% ដែលជាចំនួនមួយច្រើនមហាសាល។



យ៉ាងណាមិញខណៈដែលថៃកំពុងតែអួតក្អេងក្អាង មានលុយរាប់ពាន់លានបាត ទិញអាវុធ សព្វាវុធដើម្បីត្រៀមធ្វើសង្គ្រាម ប៉ុន្តែសេដ្ឋកិច្ចថៃឯណោះកំពុងតែដាំក្បាលចុះ រីឯប្រជាពលរដ្ឋថៃក៏កំពុងតែជួបទុក្ខលំបាក ដោយសារតែការបិទច្រកព្រំដែនជាមួយកម្ពុជា បញ្ហាទឹកជំនន់ ការធ្លាក់ចុះនៃទេសចរណ៍ ដែលមិនសូវទុកចិត្តថាប្រទេសថៃមានសុខសុវត្ថិភាពសម្រាប់ដំណើរកម្សាន្តរបស់ខ្លួន ការបង្កហេតុភេរវរកម្មនៅខេត្តភាគត្បូងដោយក្រុមឧទ្ទាមផ្ដាច់ខ្លួន ទំនាស់ដណ្ដើមអំណាចរវាងគណបក្សនយោបាយដែលមិនអាចផ្សះផ្សារបាន ធ្វើឱ្យប្រទេសនេះកំពុងតែជួបនូវភាពវឹកវរ។


ដូច្នេះ មិនខុសអីនឹងប្រសាសន៍សម្ដេចតេជោ ដែលធ្លាប់បានលើកឡើងនាពេលកន្លងមកថា សៀមអាចទ្រាំធ្វើសង្គ្រាមជាមួយខ្មែរយ៉ាងយូរ ៣ខែ តែខ្មែរអាចកំដរបានរាប់ឆ្នាំ ព្រោះប្រទេសខ្មែរយើងឆ្លងកាត់សង្គ្រាមអស់រយៈពេលជាង ៤០ឆ្នាំហើយ។ បន្ថែមលើសពីនេះទៀត ពលរដ្ឋខ្មែរ មានក្បាលម៉ាស៊ីនតែមួយ មានទិសដៅស្របគ្នា គឺឆ្ពោះទៅរកការបញ្ចប់ទំនាស់ព្រំដែនរ៉ាំរ៉ៃ ដែលបង្កឡើងដោយភាគីថៃ ព្រោះកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ចង់បាន សុខសន្តិភាព ប៉ុន្តែ កម្ពុជា សុំរក្សាសិទ្ធិការពារបូរណភាពទឹកដីកំណើតរបស់ខ្លួន ដោយមិនបំពានទឹកដីជាតិសាសន៍ណានោះឡើយ៕

