ញូវយ៉ក៖ កម្ពុជាបានប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយមានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% នៅត្រឹមឆ្នាំ២០៣៥។ ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសន្និសីទអាកាសធាតុមួយនៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីជាកម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចក្តី ក៏កម្ពុជាទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុនេះដែរ។ ឯកឧត្តមបានលើកឡើងពី ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) ដែលជាជំហានដ៏សំខាន់មួយ ដើម្បីកៀគរធនធានហិរញ្ញវត្ថុ និងជំរុញការវិនិយោគប្រកបដោយចីរភាព។
ផែនការ NDC 3.0 នេះត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយមានគោលបំណងបង្កើនមហិច្ឆតាក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់សមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ គោលដៅនេះក៏ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីរក្សាសីតុណ្ហភាពសកលកុំឲ្យកើនលើសពី ១.៥ អង្សាសេ។
ផែនការនេះមានគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បានប្រមាណ ៧៣.៧ លានតោននៃសមមូលឧស្ម័នកាបូនិក (MtCO2e) នៅត្រឹមឆ្នាំ២០៣៥។ ការកាត់បន្ថយនេះនឹងផ្តោតសំខាន់ទៅលើវិស័យនានាដូចជា៖
- វិស័យថាមពល (រួមមានការដឹកជញ្ជូន ផលិតកម្ម និងសំណង់)
- ដំណើរការឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល (IPPU)
- កសិកម្ម
- ព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត (FOLU)
- វិស័យសំណល់
ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែនឹងបន្តចូលរួមជាមួយសហគមន៍អន្តរជាតិលើគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងការការពារបរិស្ថានសកល៕




ប្រភព៖ក្រសួងបរិស្ថាន
