ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើទៅភាគីថៃ ជាពិសេសអភិបាលខេត្តស្រះកែវ ឲ្យចូលរួមអនុវត្តតាមស្មារតីនៃកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅ (GBC) ឲ្យបានម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងស្ថានការណ៍ព្រំដែននៅចំណុចជម្លោះប្រកបដោយសន្តិវិធី។នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានAKP។
បើតាម AKP ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលិខិតអញ្ជើញរបស់អភិបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានអភិបាលខេត្តស្រះកែវមិនឆ្លើយតប។ កិច្ចប្រជុំនោះមានគោលបំណងពិភាក្សាលើបញ្ហាដីនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងភូមិណងយ៉ាកែវ ឃុំគោកស៊ូង និងភូមិណងចាន់ ឃុំណងម៉ាក់មូន ស្រុកគោកស៊ូង ខេត្តស្រះកែវ។
លោក អ៊ុំ រាត្រី បានលើកឡើងថា ទោះបីជាភាគីថៃបានផ្សព្វផ្សាយព័ត៌មានតាមរយៈផែនទីផ្កាយរណប និងទីតាំងបង្គោលព្រំដែនក្តី ការអង្កេតជាក់ស្តែងនៅនឹងកន្លែងបានបង្ហាញថា ក៏មានប្រជាពលរដ្ឋថៃមួយចំនួនបានកាន់កាប់ និងអាស្រ័យផលនៅលើដីកម្ពុជាផងដែរ។

ដើម្បីដោះស្រាយភាពស្មុគស្មាញនេះ លោកអភិបាលខេត្តបានស្នើឲ្យភាគីថៃគោរពតាមគោលការណ៍សំខាន់ៗចំនួន ៤ ដូចខាងក្រោម៖
- រក្សានូវស្ថានភាពដើម ជៀសវាងការពង្រីកវិវាទរង់ចាំការសម្រេចពីគណៈកម្មការចម្រុះព្រំដែនគោក (JBC)។
- អនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាត្រឡប់ទៅផ្ទះវិញ និងដោះបន្លាលួសដែលបានដាក់ដោយភាគីថៃចេញ ដើម្បីរង់ចាំការសម្រេចរបស់ JBC។
- ចៀសវាងសកម្មភាពឯកតោភាគី ដូចជាការដាក់បន្លាលួសបន្ថែម ការចេញបណ្ណកម្មសិទ្ធិ ឬការបញ្ជូនប្រជាជនមកកាន់កាប់ទីតាំងដែលមិនទាន់ដាច់ស្រេច។
- បញ្ជូនបញ្ហាដែលហួសពីសមត្ថកិច្ចថ្នាក់ខេត្ត ទៅឲ្យយន្តការ GBC និង JBC ជាអ្នកដោះស្រាយ។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ទាំងរដ្ឋធម្មនុញ្ញកម្ពុជា និងថៃ បញ្ជាក់ច្បាស់ថា ការសម្រេចលើកិច្ចការព្រំដែន និងបូរណភាពទឹកដី គឺជាសមត្ថកិច្ចរបស់ថ្នាក់ជាតិ ដែលត្រូវអនុម័តដោយរដ្ឋសភា និងឡាយព្រះហស្តលេខាពីព្រះមហាក្សត្រ ហើយថ្នាក់ខេត្តពុំមានសិទ្ធិសម្រេចលើបញ្ហានេះទេ។
លោក អ៊ុំ រាត្រី បានស្នើឲ្យភាគីថៃធ្វើការសម្របសម្រួលជាមួយកម្ពុជាឲ្យបានជិតស្និទ្ធ ដើម្បីចៀសវាងសកម្មភាពដែលអាចបង្កឲ្យមានភាពតានតឹងបន្ថែមទៀត និងរង់ចាំដំណោះស្រាយពីយន្តការដែលមានសមត្ថកិច្ច៕

