កីឡាវូស៊ូកម្ពុជា ដឹកនាំដោយលោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជា និងជាប្រធានប្រតិភូ បានរាយការណ៍ពីប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ថា កីឡាវូស៊ូកម្ពុជ ដណ្តើមបានមេដាយសរុបចំនួន ៥គ្រឿង ក្នុងនោះមេដាយប្រាក់ចំនួន ១ គ្រឿង និងមេដាយសំរិទ្ធចំនួន ៤ គ្រឿង។

ក្នុងនោះដែរ សម្រាប់ វិញ្ញាសា Duilian សម្តែងជាក្រុម មាន ២ នាក់ U-18 ទទួលមេដាយប្រាក់ ១គ្រឿង និង ២នាក់មនុស្សពេញវ័យទទួលមេដាយសំរឹទ្ធិ ១គ្រឿង ចំណែកវិញ្ញាសា Taolu សម្តែងឯកត្តជន រួមមានវិញ្ញាសាណាន់ឈាន U-18 ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង វិញ្ញាសាណាន់តាវ U-18 ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង និងវិញ្ញាសាជៀនស៊ុ U-18 ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង។

សូមបញ្ជាក់ថា ដោយបានការអនុញ្ញាត ជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ប្រតិភូមន្ត្រីដឹកនាំ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចំនួន៨ នាក់ ត្រូវបានឱ្យទៅចូលរួមប្រកួតកីឡាវូស៊ូក្នុងព្រឹត្តិការណ៍ The 1st ASEAN-CHINA WOMEN’S WUSHU CHAMPIONSHIPS 2025. ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី រៀបចំដោយសហព័ន្ធកីឡាវូស៊ូអាស៊ាន-ចិន ( ASEAN-CHINA Wushu Federation ) មាន៩ប្រទេស ចូលរួមប្រកួត៕


