ព្យុះទីហ្វុង Ragasa បានថមថយក្លាយជាព្យុះត្រូពិក​ ក្រោយវាយប្រហារទូទាំងភាគខាងត្បូងប្រទេសចិន ខណៈព្យុះនេះបានបោកបក់មកភាគខាងជើងប្រទេសវៀតណាម ប៉ុន្ដែគេរំពឹងថា ព្យុះនេះនឹងបោកបក់ខ្លាំងនៅតាមឆ្នេរសមុទ្រ Quang Ninh-Hai Phong និងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តភាគខាងជើងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍បានរាយការណ៍ថា ព្យុះនេះបានចេញពីទីក្រុង Beihai របស់ចិន ក្នុងកម្លាំងខ្យល់អតិបរមា ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង គិតត្រឹមម៉ោងក្នុងស្រុក ៩ព្រឹក។ ព្យុះបានចូលក្នុងឈូងសមុទ្រតុងកឹង នៅព្រលឹមថ្ងៃព្រហស្បតិ៍ ហើយបច្ចុប្បន្នកំពុងរំកិលពីជាយឆ្នេរសមុទ្រចិន ទៅភាគខាងជើងវៀតណាម។

ទីភ្នាក់ងារអាកាសធាតុវៀតណាម ព្រមានថា ផ្នែកខ្លះនៃភាគខាងជើងរបស់ប្រទេស អាចទទួលបានទឹកភ្លៀងលើសពី ៤៥០មីលីម៉ែត្រ រហូតដល់ល្ងាចថ្ងៃសុក្រ ក៏ដូចជាទឹកជំនន់យ៉ាងគំហុក និងបំណាក់ដីផងដែរ។ ដោយសារឥទ្ធិពលរបស់ Ragasa ខ្យល់បក់ខ្លាំងកម្រិត៧ និងខ្យល់កន្រ្តាក់កម្រិត៨ ត្រូវបានកត់ត្រានៅតំបន់ពិសេស Bach Long Vi នៃទីក្រុង Hai Phong របស់វៀតណាម។

គិតត្រឹមម៉ោងក្នុងស្រុក ១រសៀលថ្ងៃទី២៥ ខែកញ្ញា ឧតុនិយមវៀតណាមព្យាករថា ព្យុះនឹងបោកបក់ដល់ដីគោកនៅភាគឦសានខេត្ត Quang Ninh។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chính បានបញ្ជាឱ្យក្រសួងរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ការពារហេដ្ឋារចនាសម្ព័ន្ធដូចជាទំនប់ និងមន្ទីរពេទ្យ ធានាសុវត្ថិភាពកប៉ាល់នេសាទ និងទ្រព្យសម្បត្តិតាមឆ្នេរសមុទ្រ ព្រមទាំងត្រៀមលក្ខណៈជម្លៀសខ្លួន និងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ៕

ប្រភព៖ VN Express

Share.