លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវឱ្យមហាអំណាចពិភពលោកទាំងអស់សហការគ្នាបញ្ឈប់សង្គ្រាមរបស់រុស្ស៊ី ដោយលោកបានចោទលោក ពូទីន ថាមានគម្រោងពង្រីកដែនសង្គ្រាមថ្មីចេញពីអ៊ុយក្រែន។

លោក ហ្សេលេនស្គី បានថ្លែងសុន្ទរកថានៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយលើកឡើងថា សង្គ្រាមរុស្ស៊ីនេះបានបង្កឱ្យមានការប្រណាំងប្រជែងសព្វាវុធធំៗដ៏គ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយអ៊ុយក្រែនកំពុងជញ្ជូនចេញនូវអាវុធទំនើបរបស់ខ្លួនទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួន។
លោក ហ្សេលេនស្គី ថ្លែងថា ការពិតគឺសាមញ្ញណាស់ដើម្បីបញ្ឈប់សង្គ្រាមមួយនេះមានតម្លៃថោកជាងការសាងសង់សាលាមត្តេយ្យនៅក្រោមដី ឬលេណដ្ឋានដ៏ធំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅពេលក្រោយទៅទៀត។
មេដឹកនាំអ៊ុយក្រែនបានចង្អុលបង្ហាញពីការរំលោភលើដែនអាកាសដោយយន្តហោះដ្រូន និងយន្តហោះចម្បាំងរបស់រុស្ស៊ីនៅក្នុងប្រទេសប៉ូឡូញ និងអេស្តូនី ដែលប្រទេសទាំងពីរជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដោយលោកបានចាត់ទុកថាវាជាភស្តុតាងមួយបញ្ជាក់ថា មេដឹកនាំរុស្ស៊ីកំពុងសាកល្បងព្រំដែនថ្មីនៃសង្គ្រាមដែលផ្ដើមចេញពីអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបញ្ជាក់ថា ប្រតិបត្តិការរបស់រុស្ស៊ីក៏មានគម្រោងរីករាលដាលទៅកាន់ប្រទេសផ្សេងទៀតជាច្រើនផងដែរ។
លោក ហ្សេលេនស្គី ថ្លែងបន្ថែមថា អ៊ុយក្រែនបានសម្រេចចិត្តចាប់ផ្តើមនាំចេញអាវុធទៅកាន់ប្រទេសសម្ព័ន្ធមិត្ត និងប្រាប់ពួកគេថាមិនចាំបាច់ចាប់ផ្តើមប្រណាំងឡើងវិញទាំងស្រុងជាមួយរុស្សីនោះទេ ព្រោះអ៊ុយក្រែនបានឆ្លងកាត់មុន ហើយអ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកនូវអ្វីដែលជាប្រសិទ្ធភាពក្នុងការទប់ទល់ជាមួយរុស្ស៊ី។
លោក ហ្សេលេនស្គី បន្តថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការធ្វើឱ្យអាវុធទំនើបរបស់ខ្លួនក្លាយជាសន្តិសុខទំនើបរបស់សម្ព័ន្ធមិត្ត។ អ៊ុយក្រែនបានសម្រេចចិត្តនាំចេញអាវុធទៅកាន់ប្រទេសសម្ព័ន្ធដោយមិនលាក់លៀម ហើយនេះគឺជាប្រព័ន្ធដ៏មានឥទ្ធិពលដែលត្រូវបានសាកល្បងក្នុងសង្គ្រាមយ៉ាងពិតប្រាកដ នៅពេលដែលស្ថាប័នអន្តរជាតិទាំងអស់បានបរាជ័យទៅហើយ។ នេះបើតាមយោងសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ៕

