នាយករដ្ឋមន្ត្រីជាប់កិច្ចព្រមព្រៀងកាន់អំណាចត្រឹមតែ៤ ខែ អនុទិន ឆ័ន្ទវីរៈគុល ទំនងជាមិនចង់អង្គុយលើកៅអីត្រឹមតែរយៈពេលខ្លីដូចបានចុះកិច្ចព្រមព្រៀង (MOA) ជាមួយបក្សប្រជាជនថៃនោះឡើយ ព្រោះបើមិនដូច្នេះទេ មិនមែនប្រធានបក្សភូមិចៃថៃរូបនេះ បានខំប្រឹងប្រែងស្វះស្វែងទៅទទួលទានអាហារថ្ងៃត្រង់ជាមួយនឹង លោក អភិសិទ្ធិ វេចាជីវ៉ា ដែលជាអតីតនាយករដ្ឋមន្ត្រីថៃម្នាក់ ដែលធ្លាប់កាន់តំណែងនៅក្នុងសម័យដែលកម្ពុជា ថៃ មានទំនាស់ព្រំដែន ពិសេសគឺការអះអាងសិទ្ធិគ្រប់គ្រងលើប្រាសាទព្រះវិហារ និងផ្ទៃដីជុំវិញប្រាសាទបុរាណដែលជាមរតកដូនតាខ្មែរ និងជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកមួយនេះ។

អនុទិន ដែលធ្លាប់តែជាតួអង្គអមឆាក ឬជាប្រធានបក្សដែលចាំតែបំពេញបន្ថែម ដើម្បីអាចឱ្យគណរដ្ឋមន្ត្រីមួយមានសំឡេងពេញលេញក្នុងរដ្ឋសភា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី នៅក្នុងពេលដែលខ្លួនមានឱកាសបានឡើងជានាយករដ្ឋមន្ត្រីជាលើកដំបូងនេះ ច្បាស់ណាស់ គេប្រាកដជានឹងប្រើគ្រប់វិធីសាស្ត្រ និងគ្រប់មធ្យោបាយដើម្បីរក្សាកៅអីមួយនេះ មិនអាចនឹងចុះភ្លាមៗ ត្រឹមរយៈពេល៤ ខែដូចការអះអាងនោះឡើយ។

មែនទែនទៅការជួបជាមួយនឹង លោកអភិសិទ្ធិ វេចាជីវ៉ា ដែលជានាយករដ្ឋមន្ត្រី ធ្លាប់មានបញ្ហាជាមួយនឹងកម្ពុជានេះ ក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងស្របទៅនឹងមានការស្នើសុំឱ្យនាយករដ្ឋមន្ត្រីថ្មីលុបចោលអនុស្សរណៈយោគយល់ឆ្នាំ ២០០០-២០០១ ស្ដីពី “ការវាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនគោក” រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលអតីតនាយករដ្ឋមន្ត្រីថៃ អភិសិទ្ធិ ធ្លាប់បានចុះ ហត្ថលេខា ជាមួយកម្ពុជា។

ឯកសារដែលត្រូវបានចុះបញ្ជីនៅអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ និងចុះផ្សាយជាសាធារណៈ ក្នុង “កម្រងសន្ធិសញ្ញា” របស់អង្គការសហប្រជាជាតិ ចំនួន៣ភាសា (ភាសាខ្មែរ អង់គ្លេស និងថៃ) នេះ គឺជាគឺជាឯកសារផ្លូវការដែលបានចុះហត្ថលេខារវាងភាគីកម្ពុជា-សៀមនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០០០ នៅក្នុងរដ្ឋបាល លោក អភិសិទ្ធិ វេចាជីវ៉ា។

យ៉ាងណាមិញ ឯកសារផ្លូវការ ដែលថៃមើលឃើញថាខ្លួនបានចាញ់ប្រៀបកម្ពុជានេះ ត្រូវបានក្រុមជ្រុលនិយមបង្ខំឱ្យនាយករដ្ឋមន្ត្រីថ្មីលុបឬរំលាយចោល ប៉ុន្តែបើពិនិត្យមើលទៅតាមជាក់ស្ដែង ឯកសារដែលត្រូវបានតំកល់ក្នុង អគ្គលេខាធិការដ្ឋាននៅ UN ហើយ មិនមែនចេះតែអាចរំលាយ ឬលុបចោលបានតាមទំនើងចិត្តដូចក្រុមជនជាតិថៃចង់បាននោះទេ។

សម្រាប់អ្នកវិភាគនិងតាមដានសង្គមនយោបាយថៃ បានលើកឡើងថាដូចៗគ្នាថា ទោះជាអនុទិនដឹងថា ទង្វើរបស់កងទ័ពនេះ ធ្វើឡើងដើម្បីតែយកប្រជាប្រិយភាពពីរាស្ត្រថៃ ដែលធ្លាប់តែស្អប់ក្រុមយោធាដល់ឆ្អឹងព្រោះតែកាន់អំណាចផ្ដាច់ការ និងទប់ស្កាត់ចលនាយុវជនជំនាន់ក្រោយ ដែលងាកចេញពីការគាំទ្ររបបរាជានិយម ប៉ុន្តែលោកគ្មានជម្រើសអ្វីផ្សេងក្រៅតែពីដើរតាមក្រឡាអុក ដែលមានចៅហ្វាយរបស់ក្រុមយោធារៀបចំ ពុំដូច្នោះទេ លោកខ្លួនឯង មិនត្រឹមតែមិនអាចរក្សាតំណែងបាន ថែមទាំងអាចប្រឈមនឹងរឿងក្ដីជាច្រើនករណីផងដែរ៕

Share.