ភ្នំពេញ៖ សមត្ថកិច្ចនៃការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ក្រាបករណីគ្រឿងញៀនជាច្រើនទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ និងដកហូតវត្ថុតាង សារធាតុញៀនប្រភេទ កេតាមីន ទម្ងន់ ៤.០៩១,២១ ក្រាម សារធាតុញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់ ៤,៦៣ ក្រាម សារធាតុញៀនប្រភេទ អិចស្ត្រាស៊ី ទម្ងន់ ៤.២៣០,៨២ ក្រាម សារធាតុផ្សំ (មិនច្បាស់លាស់) ទម្ងន់ ៨៦.៨៨៥,២ ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០៣ គ្រឿង ឧបករណ៍សម្រាប់គៀបមាត់ស្បោង ចំនួន ០៤ គ្រឿង ឧបករណ៍សម្រាប់ក្រឡុកគ្រឿងញៀន ចំនួន ០១ គ្រឿង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០២ និងសំបក ស្បោងប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន ព្រមទាំងភស្តុតាងផ្សេងទៀតដែលសង្ស័យមានជាប់ពាក់ព័ន្ឋនឹងការ សម្អាតប្រាក់។

បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង ០៣ នាក់ខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណី គ្រឿងញៀនខាងលើសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ជនសង្ស័យទាំង៣នាក់ ទី១.ឈ្មោះ ង្វៀង វាំន់កាន់ (NGUYEN VAN CANH) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ២.ឈ្មោះ ង្វៀង កៅហ្វុក (NGUYEN CAO PHUC) ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម និង៣.ឈ្មោះ ជូ ចាន់រាំ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០៣ នាក់ខាងលើ និងបក្ខពួក ពីបទ ផ្តើមគំនិត, សមគំនិត, ផលិត ជួញដូរ, ដឹកជញ្ជូន, រក្សាទុក, និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៤ រហូតមកដល់ ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៥ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៨ មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា ៣៨ មាត្រា ៤០ មាត្រា ៤៥ មាត្រា ៤៧ មាត្រា ៤៨ មាត្រា ៥៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
អត្ថបទ៖ ចតុម្មុខ

