ឯកឧត្តម អ៊ីវ៉ាយ៉ា តាកេស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុន បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ ខែកញ្ញា។
ក្នុងជំនួបនេះ ឯកឧត្តម អ៊ីវ៉ាយ៉ា បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជា ដោយសារការប៉ះទង្គិចរវាងយោធាកម្ពុជា និងថៃ។ ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងនឹងត្រូវបានដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា។ ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយកាត់បន្ថយភាពតានតឹងនេះ។
រដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយបានប្តេជ្ញាបន្តជំរុញការវិនិយោគឯកជន និងការអភិវឌ្ឍឧស្សាហកម្ម។ ជំនួបនេះបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖
- កញ្ចប់សហបង្កើតសេដ្ឋកិច្ច (Economic Co-creation Package)
- ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ
- កិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល និងការអភិវឌ្ឍបណ្តាញទូរគមនាគមន៍ស្នូល រួមទាំងប្រព័ន្ធ 5G
ក្រៅពីនេះ រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាបន្តសហការដោះស្រាយបញ្ហាតំបន់មួយចំនួន រួមមានសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ហាទាក់ទងនឹងកូរ៉េខាងជើង ដូចជាបញ្ហានុយក្លេអ៊ែរ មីស៊ីល និងការចាប់ពង្រត់។
ជំនួបរយៈពេលប្រមាណ ៣០នាទីនេះ បានបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងជប៉ុន និងកម្ពុជា ទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាសន្តិសុខរួមក្នុងតំបន់៕


ប្រភព៖ទំព័រហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
