នៅក្នុងសុន្ទរកថាក្នុងសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស បានបង្ហាញអារម្មណ៍ឈឺចាប់យ៉ាងជ្រាលជ្រៅចំពោះសន្តិភាពនៅកម្ពុជា ដែលកំពុងរងគ្រោះដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាង។

សូមចុចអាន៖ កងទ័ពថៃបា.ញ់ផ្លោងគ្រាប់១០៥មម ចំនួន២១គ្រាប់ នៅឃុំថ្មដា ស្រុកវាលវែង

ឯកឧត្តមបានរំលឹកថា កម្ពុជាជាប្រទេសដែលត្រូវការជំនួយសន្តិភាព ប៉ុន្តែបច្ចុប្បន្នបានក្លាយជាប្រទេសចូលរួមផ្តល់សន្តិភាពតាមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKO)។ ទោះជាយ៉ាងណា សន្តិភាពក្នុងប្រទេសដែលទទួលបានដោយការលះបង់ និងការប្រឹងប្រែងជាច្រើនទសវត្សរ៍ កំពុងត្រូវគំរាមកំហែងពីក្រៅប្រទេស ជាពិសេប្រទេសជិតខាង។

កម្ពុជាបានសូមអរគុណចំពោះការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលជួយបញ្ឈប់ការប៉ះទង្គិចប្រដាប់អាវុធ។ ទោះបីជាយ៉ាងនេះ បទឈប់បាញ់នៅតែផុយស្រួយ ហើយមានការបន្តសកម្មភាពឯកតោភាគី ដោយប្រើផែនទី និងកម្លាំង យោធាជំនួសយន្តការដែលបានព្រមព្រៀង។

ឯកឧត្តម ប្រាក់ សុខុន បានលើកយកបទពិសោធន៍សន្តិភាពកម្ពុជា ដែលបានកសាងឡើងវិញក្រោមការដឹកនាំរបស់ព្រះវររាជបិតា នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាម៣០ឆ្នាំ ដោយគ្មានការបាញ់កាំភ្លើងសូម្បីតែមួយគ្រាប់។

កម្ពុជា ក៏បានបង្ហាញវឌ្ឍនភាពសង្គមសេដ្ឋកិច្ច ជាពិសេសកំណើនជាមធ្យមប្រចាំឆ្នាំ ៧% មុនពេលកូវីដ-១៩ និងការកាត់បន្ថយភាពក្រីក្រ ដែលបង្ហាញពីសន្តិភាពជាមូលដ្ឋាននៃការអភិវឌ្ឍ។

នៅកម្រិតអន្តរជាតិ កម្ពុជា បានអំពាវនាវឲ្យពង្រឹងអំណាចនៃយន្តការការទូត និងតួនាទីរបស់មហាសន្និបាតអង្គការសហប្រជាជាតិ បង្កើនអាសនៈមិនអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខ និងពង្រឹងបេសកកម្មថែរក្សាសន្តិភាព។

ចុងបញ្ចប់ កម្ពុជាបានបញ្ជាក់ថា អំណាចដ៏ពិតប្រាកដរបស់អង្គការសហប្រជាជាតិ គឺស្ថិតនៅលើសីលធម៌ ភាពស្របច្បាប់ និងភាពសហការ។ កម្ពុជា ប្តេជ្ញាចូលរួមសកម្ម ដើម្បីធានាថា «ភាពប្រសើរឡើងជាមួយគ្នា» នឹងនាំមកនូវសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសេចក្តីថ្លៃថ្នូរសម្រាប់មនុស្សគ្រប់រូប៕

Share.