ការឡើងមកកាន់តំណែងរបស់នាយករដ្ឋមន្ត្រីអនុទិន មិនត្រឹមតែមិនមានដំណោះស្រាយ ឬអាចនិយាយបានថាកាន់តែយ៉ាប់ជាងមុន ព្រោះនាយករដ្ឋមន្ត្រីដែលឡើងតាមកិច្ចព្រមព្រៀងរូបនេះ មិនត្រឹមតែគ្មានគោលជំហរជារបស់ខ្លួនឯងនោះទេ ថែមទាំងបង្ហាញឱ្យសាធារណជនឃើញច្បាស់ថាគេមិនហ៊ានក្អកជាមួយនឹងកងទ័ពនោះឡើយ។
ដូចការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃជំនាន់ទី ៣២ គឺលោក អនុទីន បានបញ្ជាក់ទៅកាន់មេបញ្ជាការកងទ័ពថៃថា ប្រសិនបើមានភាពតានតឹងណាមួយកើតឡើងលោកបើកភ្លើងខៀវឱ្យកងទ័ពចល័តកម្លាំងតបតនឹងកម្ពុជា ជាពិសេសត្រៀមពង្រឹងបន្ថែមកម្លាំងប៉ូលិសតាមព្រំដែន ដែលនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា លោកមិនមានសិទ្ធិអំណាចអ្វីទៅបញ្ជាកងទ័ព មានតែបណ្ដោយតាមអ្វីដែលកងទ័ពថៃ ឬក្រុមយោធាដែលស្និទ្ធិនឹងរាជវង្សកំពុងតែដាក់ផែនការប៉ុណ្ណោះ។

ត្បិតថាមានចុះកិច្ចព្រមព្រៀងនៃអនុស្សារណៈយោគយល់គ្នា ក៏ដូចជាមានកិច្ចប្រជុំគណៈកម្មការព្រំដែលចម្រុះជាច្រើនលើក ដែលមានទាំងការចូលរួមសម្របសម្រួលពីប្រទេសម៉ាឡេស៊ីក្ដី ប៉ុន្តែភាគីថៃ ដូចជាគ្រាន់តែយកដៃមកស៊ីញ៉េតែយកជើងមកលុបចេញវិញ ព្រោះនៅក្នុងអំឡុងដែលថៃកាន់តែព្យាយាមប្រើគ្រប់វិធីដើម្បីប៉ុនប៉ងលេបទឹកដីកម្ពុជា រដ្ឋបាលអនុទិនដែលតាំងខ្លួនថាជារដ្ឋាភិបាលប្រជាធិបតេយ្យសេរីបែរជាមិនអាចធ្វើអ្វីបាន ដោយបានត្រឹមតែនិយាយតាមក្រោយក្រុមទ័ពប្រៀបដូចជាសត្វសេកដូច្នោះដែរ។
ថ្មីៗនេះ នៅពេលដែលស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ វិលទៅរកភាពកាន់តែតានតឹង អនុទិន បែរជាផ្ដល់សិទ្ធិឱ្យទ័ពជាអ្នកសម្រេចកិច្ចការព្រំដែន ទាំងដែលដឹងថាយោធារបស់ថៃ ប្រើប្រាស់ផែនទីគូរជាឯកតោភាគី។
នាយករដ្ឋមន្ត្រី លោក អនុទិន ឆានវីរៈកុល បញ្ជាក់នៅចំពោះមុខអ្នកកាសែតថា ផែនការរបស់លោកមិនត្រឹមតែជួយដោះស្រាយសភាពការណ៍តាមបន្ទាត់ព្រំដែនប៉ុណ្ណោះទេ លោកក៏បានយកចិត្តទុកដាក់ដោះស្រាយបន្ទាន់ចំពោះបញ្ហាជនភៀសសឹកទាំងអស់ ដែលកន្លងមកធ្លាប់រិះគន់ចំពោះរដ្ឋាភិបាលថៃថា គ្មានស្បៀងអាហារគ្រប់គ្រាន់សម្រាប់ពួកគេបរិភោគ ពោលគឺមានតែត្រីខកំប៉ុង និងមីប៉ុណ្ណោះ។
ការលើកឡើងរបស់លោក អនុទិនបែបនេះ គឺ បានបង្ហាញពីភាពទន់ខ្សោយរបស់រដ្ឋបាលបក្សភូមិចៃថៃ និងមួយទៀត គឺលោកកំពុងព្យាយាមទប់ជ្រែងអំណាច និងបក្សពួករបស់ខ្លួន មិនឱ្យខុសចិត្តក្រុមយោធា ដែលអាចនាំឱ្យតំណែងរបស់លោកអាចនឹងមិនស្ថិតស្ថេរ ឬអាចនឹងបញ្ចប់មុនរយៈពេលដែលលោកបានចុះកិច្ចព្រមព្រៀងជាមួយនឹងបក្សប្រជាជនថៃ៕

