បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក អនុទិន ឆាន់វីរៈគុល នាថ្ងៃចន្ទ នេះ បានគូសបញ្ជាក់អំពីរបៀបវារៈគោលនយោបាយសេដ្ឋកិច្ចរដ្ឋាភិបាលថ្មីរបស់លោក ទៅកាន់សភាថៃ ដោយផ្ដោតលើការស្រោចស្រង់សេដ្ឋកិច្ច ដែលថៃកំពុងតែប្រឈមច្រើនយ៉ាង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

គោលនយោបាយរបស់លោក អនុទិន រួមមាន វិធានការកាត់បន្ថយថ្លៃស្នាក់នៅ ដោះស្រាយបញ្ហាបំណុលគ្រួសារ និងជំរុញវិស័យទេសចរណ៍ក្នុងស្រុកដែលកំពុងធ្លាក់ចុះ ដោយប្រទេសថៃ ឥឡូវនេះ កំពុងជួបបញ្ហាជាមួយពន្ធគយរបស់សហរដ្ឋអាមេរិក បំណុលគ្រួសារខ្ពស់ កម្សោយតម្រូវការក្នុងស្រុក និងកំណើនប្រាក់បាត។

លោកបន្ដ ប្រាប់សភាថៃ ថា «ដោយសារពេលវេលាមានកំណត់ ហើយ​​រដ្ឋាភិបាលថ្មីមិនអាចរៀបចំកញ្ចប់​ថវិកា ក៏ដូចជា​មានសម្លេងភាគតិចក្នុងរដ្ឋបាល រដ្ឋាភិបាល​ត្រូវតែដោះស្រាយជាបន្ទាន់នូវបញ្ហាប្រឈមដែលកំពុងកើតមានក្នុងប្រទេសនាពេលនេះ»។

លោកបាននិយាយថា ក្នុងចំណោមវិធានការសេដ្ឋកិច្ច រដ្ឋាភិបាលនឹងជួយបុគ្គលដែលមានបំណុលមិនលើសពី ១០០,០០០បាត (៣,១០៣ដុល្លារអាមេរិក) និងផ្តល់សាច់ប្រាក់ងាយស្រួលរហូតដល់ ១លានបាតសម្រាប់អាជីវកម្មខ្នាតតូច។

យ៉ាងណាម៉ិញ ការប្ដេជ្ញារបស់លោក អនុទីន នៅថ្ងៃចន្ទ នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់លោក​ កាលពីថ្ងៃសុក្រ បាន​ប្រកាសថា នឹងចាប់ផ្តើមឡើងវិញ នូវ​ «គម្រោង​ចំណាយប្រាក់រួមគ្នា» ​តម្លៃ​ ៤៧ប៊ីលាន​បាត (១,៤៦ប៊ីលាន​ដុល្លារ) ដែលក្នុងនោះរដ្ឋាភិបាល​នឹង​ជួយ​ទូទាត់ការចំណាយរបស់ពលរដ្ឋដែលមាន​សិទ្ធិ​រហូតដល់ ៦០ ភាគរយ ​​ចំពោះ​រាល់​ការ​ទិញម្ហូបអាហារ និងទំនិញប្រើប្រាស់មួយចំនួន​។

លោក អនុទិន បានបន្ថែមទៀតថា អាទិភាពផ្សេងៗទៀតរួមមានការដោះស្រាយ​ភាព​តានតឹងដោយសន្ដិវិធីជាមួយ​កម្ពុជា ការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងស៊ីសងខុសច្បាប់ និងការបង្កើនការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយតាមរយៈការប្រើប្រាស់ប្រព័ន្ធព្រមានកម្រិតខ្ពស់។

ប៉ុន្ដែរដ្ឋាភិបាល​របស់លោក អនុទីន មាន​ពេលតិចតួចក្នុងការអនុវត្តវិធានការសេដ្ឋកិច្ចរបស់ខ្លួន។ កាលពីសប្ដាហ៍មុន លោកបាន​ប្រកាសថា លោក​នឹង​រំលាយ​សភានៅចុងខែមករា ដោយ​ឆ្ពោះទៅរកការបោះឆ្នោតថ្មីនៅចុងខែមីនា ឬដើមខែមេសា។ ​

យោងតាមទីភ្នាក់ងារផែនការរដ្ឋបានឱ្យដឹងថា សេដ្ឋកិច្ចថៃ បាន​កើនឡើងប្រមាណ ២,៥ភាគរយ កាលពីឆ្នាំមុន ​ដែលនេះជាកំណើនទាបជាងគេធៀប​នឹង​ដៃគូប្រជែងសំខាន់ៗក្នុងតំបន់​។ ខណៈរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចថៃឆ្នាំនេះ​ នឹង​កើនឡើងត្រឹមចម្លោះ ១,៨ភាគរយ ទៅ ២,៣ភាគរយ នៅឆ្នាំ២០២៥នេះ ដោយ​អាចចុះខ្សោយខ្លាំងនៅចុងឆ្នាំ ដោយសារតែពន្ធរបស់សហរដ្ឋអាមេរិក៕

ប្រភព៖ CNA

Share.