កណ្តាល ៖ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ខណៈដែលម្តាយរវល់តែលក់លៀសហាល ស្រាប់តែដើរទៅមាត់ស្ទឹង រអិលជើងធ្លាក់លង់លិចបាត់ក្នុងទឹក ផ្អើលពលរដ្ឋ បងប្អូនខ្មែរឥស្លាម ជួយជ្រមុជចុះរាវ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសួនច្បារមាត់ស្ទឹងដើមមៀន ជិតប៉ុស្តិ៍នគរបាលដេីមមៀន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្មេងប្រុសរងគ្រោះឈ្មោះ លី តុង អាយុ ៣ឆ្នាំ មានម្ដាយឈ្មោះ នី លី អាយុ៣៣ឆ្នាំ មុខរបរលក់លៀសហាល ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម្តាយលក់លៀសហាលនៅចំណុចសួនច្បារខាងលើ ដោយជាប់រវល់លក់ ដោយកូនប្រុសនៅលេងក្បែរនោះ លុះភ្លេចខ្លួនស្រាប់តែបាត់ រកមិនឃើញ ទើបផ្អើលឆោឡោ ពលរដ្ឋ បងប្អូនខ្មែរឥស្លាម ជួយស្វែងរក ចុះរាវក្នុងទឹក ប្រទះឃើញ ដោយមិនអស់ចិត្តយកទៅមន្ទីរពេទ្យ តែត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា ស្លាប់បាត់ទៅហើយ ទើបយកទៅកន្លែងកើតហេតុវិញ ។

សពក្មេងប្រុសខាងលើ ក្រោយពីសមត្ថកិច្ចក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

