ហាណូយ៖ ព្យុះទីហ្វុង Bualoi បានបោកបក់កាត់ឆ្នេរសមុទ្រប្រទេសវៀតណាម នាថ្ងៃចន្ទ នេះ ដែលបានសម្លាប់មនុស្ស ៨នាក់ និងបណ្ដាលឱ្យមនុស្ស ១៧នាក់ផ្សេងទៀតបាត់ខ្លួន ខណៈដែលខ្យល់បក់ និងភ្លៀងដ៏ខ្លាំងក្លា បានបំផ្លាញផ្ទះសម្បែង ផ្តាច់ចរន្តអគ្គិសនី និងជន់លិចផ្លូវ មុនពេលព្យុះនេះថមថយកម្លាំងពេលវាឆ្ពោះទៅប្រទេសឡាវ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

យោងតាមទីភ្នាក់ងារអាកាសធាតុជាតិបាននិយាយថា ព្យុះទីហ្វុង Bualoi បានផ្លាស់ទីតាមបណ្តោយឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសនេះ បង្កឱ្យមានបំណាក់ដីនៅតំបន់ភ្នំនៅព្រឹកថ្ងៃចន្ទ នេះ ដោយបណ្តាលឱ្យមានរលកសមុទ្រខ្ពស់រហូតដល់ ៨ម៉ែត្រ។

ទន្ទឹមនោះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្ដរាយរបស់រដ្ឋាភិបាលបាននិយាយថា អ្នកនេសាទចំនួន ១៧នាក់ បានបាត់ខ្លួន បន្ទាប់ពីរលកដ៏ធំបានបោកបក់លើទូកនេសាទ២គ្រឿងនៅខេត្ត Quang Tri ខណៈទូកនេសាទមួយផ្សេងទៀតបានបាត់ការទាក់ទងក្នុងអំឡុងពេលព្យុះនោះ។

ព្យុះទីហ្វុង Bualoi បានបោកបក់វាយប្រហារដីគោកភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃចន្ទ នេះ ដោយបង្កការបំផ្លិចបំផ្លាញផ្ទះសម្បែង និងសំណង់អគារជាពិសេសនៅខេត្ត Ninh Binh, Thanh Hoa, Ha Tinh និង Quang Tri។ យ៉ាងណា មុនពេលព្យុះនេះមកដល់ វៀតណាមបានជម្លៀសមនុស្សរាប់ម៉ឺននាក់រួចហើយ។ នៅខេត្ត Ha Tinh ផ្ទះជិត ៤៣,០០០ខ្នងត្រូវព្យុះបោកកម្ទេចបំប៉ើងដំបូល, ទឹកជំនន់ជន់លិចដីស្រែចម្ការជិត ១,០០០ហិកតា ចំណែកសាលារៀននិងមន្ទីរពេទ្យ ក៏រងការបំផ្លាញធ្ងន់ធ្ងរផងដែរ។ 

ដោយឡែក បង្គោលភ្លើងនិងដើមឈើ ត្រូវបាក់គ្រប់កន្លែង, ជើងហោះហើរមួយចំនួនក៏ផ្អាក រីឯសេវារថភ្លើងក៏ពន្យារពេលសិនផងដែរ ព្រោះតែឥទ្ធិពលដ៏កាចសាហាវរបស់ព្យុះ។ នៅតំបន់ភ្នំ វាបង្កជាបំណាក់ដី និងកាត់ផ្តាច់ផ្លូវធ្វើចរាចរណ៍ បង្កការកកស្ទះ។

សូមជម្រាបថា កាលពីឆ្នាំមុន ព្យុះទីហ្វុង Yagi ក៏បណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចចំនួន ៣.៣ពាន់លានដុល្លារអាមេរិក និងមានមនុស្សស្លាប់រាប់រយនាក់នៅភាគខាងជើងប្រទេសវៀតណាមផងដែរ៕

ប្រភព៖ CNA

Share.