ព្រឹកនេះ សារព័ត៌មានថៃ Khaosod បានផ្សាយឱ្យដឹងថា ស្រុកម៉ែសារៀង (Mae Sariang) ក្នុងខេត្តម៉ែហងសន (Mae Hong Son) កំពុងរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរដោយសារព្យុះត្រូពិច យិនស៊ីង (Yinxing) ដែលគេហៅជាភាសាថៃថា “ប៊ួឡូយ” – Bua Loi)។ ទឹកទន្លេយួម (Yuam River) នៅតែបន្តឡើង ដែលបង្កឱ្យមានការខូចខាតទ្រង់ទ្រាយធំដល់ផ្ទះសម្បែង ការបាក់ដី និងមានមនុស្សយ៉ាងហោចណាស់ម្នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន។ អាជ្ញាធរបានពណ៌នាថា នេះជាទឹកជំនន់ដែលអាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយមានកម្ពស់ទឹកភ្លៀងត្រូវបានកត់ត្រារហូតដល់ ១៣១មិល្លីម៉ែត្រ។

ដោយឡែកកាលពីថ្ងៃទី២៨ ខែកញ្ញា មានបុរសកម្មកររោងចក្រម្នាក់បើករថយន្តភីកអាប់ត្រឡប់ទៅផ្ទះ បាត់បង់ការគ្រប់គ្រងរថយន្តឆ្លងគន្លងផ្លូវបុកបង្គោលភ្លើងដាច់រលំអស់ ១២ ដើម ផ្ដាច់ចរន្តអគ្គិសនីទាំងស្រុង និងបំផ្លាញរថយន្តជាច្រើនគ្រឿងថែមទៀត។ រថយន្តជាច្រើនដែលធ្វើដំណើរនៅលើផ្លូវនោះបានបត់គេចវេះយ៉ាងប្រញាប់ ខណៈអ្នកជិះម៉ូតូបានបោះបង់ចោលម៉ូតូហើយរត់គេចខ្លួនដើម្បីរត់យករួចខ្លួន។ របាយការណ៍បង្ហាញពីស្ថានភាពនៃការខូចខាតរួមមាន៖ បង្គោលភ្លើងតង់ស្យុងខ្ពស់ចំនួន ៦ ដើម និងបង្គោលភ្លើងកម្ពស់ ១២ ម៉ែត្រ ចំនួន ៦ ដើម ទៀតបានបាក់ដួលរលំ រារាំងផ្លូវក្នុងចម្ងាយ ៥០០ ម៉ែត្រ និងបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីទូទាំងតំបន់។ អាជ្ញាធរបានបិទចរាចរណ៍ពេញមួយថ្ងៃដើម្បីសម្អាតកន្លែងកើតហេតុ ហើយរថយន្តរបស់ប្រជាពលរដ្ឋជាច្រើនគ្រឿងក៏បានរងការខូចខាតផងដែរ។

រថយន្តភីកអាប់បង្កហេតុបានបុកបង្គោលភ្លើងពេញទំហឹង ផ្នែកខាងមុខបានបាក់បែកខ្ទេចខ្ទាំ ហើយក្រឡាប់ផ្ងារនៅក្បែរផ្លូវ។ បុរសជាអ្នកបើកបរ អាយុ ៤១ ឆ្នាំ បានរងរបួសស្រាល។ ក្រៅពីនេះ ហេតុការណ៍នេះក៏បានបង្កការខូចខាតដល់តូបលក់ដូរតាមដងផ្លូវជាច្រើនកន្លែងផងដែរ។

សាក្សីដែលឃើញហេតុការណ៍បានផ្តល់ព័ត៌មានថា បុរសអ្នកបើកបររថយន្តភីកអាប់ធ្វើការនៅរោងចក្រ ហើយទើបចេញពីវេនការងារ កំពុងបើកត្រឡប់ទៅផ្ទះវិញ។ គេសន្មតថា បុរសរូបនេះបានដេកលក់ពេលកំពុងបើកបរ ទើបបណ្តាលឱ្យមានគ្រោះថ្នាក់នេះកើតឡើង។

ចំពោះការខូចខាតសរុបនៅមិនទាន់អាចវាយតម្លៃបាននៅឡើយទេ។ បន្ទាប់ពីនេះ សមត្ថកិច្ចនគរបាលនឹងកោះហៅអ្នកបើកបររូបនោះមកចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

ប្រភព៖ Khaosod

Share.