ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ លើកដែកសរសៃ មិនប្រុងប្រយ័ត្ន ទៅប៉ះខ្សែកាបភ្លើង បណ្តាលឱ្យឆ្លងឆក់រងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ភា សុខគ័ង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រងរបួសធ្ងន់ ។

បើតាមកម្មករដូចគ្នាបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានទាញលើកដែកសរសៃឡើងទៅលើជាន់ទី១ ស្រាប់តែទៅប៉ះនឹងខ្សែកាបភ្លើង បណ្តាលឱ្យឆ្លងឆក់រងរបួសធ្ងន់ ភ្លាមៗនាំគ្នាជួយលើកចុះមកក្រោយ ។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.