បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលើកឡើងថា ការងារនៅប្រទេសយើងគឺមានច្រើនណាស់ បងប្អូនអាចចូលធ្វើដោយគ្មានហានិភ័យនិងគ្មានការរើសអើងដូចធ្វើនៅក្រៅប្រទេសនោះទេ។
ការលើកឡើងដូចនេះអំឡុងពេលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចុះទៅសំណេះសំណាលជាមួយបងប្អូនអតីតពលករចំណាកស្រុកដែលកំពុងបម្រើការនៅក្នុងរោងចក្រស៊ីគ្លូខេត្តកំពង់ស្ពឺនាថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីលើកឡើងបន្តថា ការធ្វើការងារនៅក្នុងស្រុកមានហានិភ័យទាប និងមិនប្រឈមនឹងការរើសអើងប្រមាថ ធ្វើទុក្ខបុកម្នេញនានាពីសំណាក់ក្រុមជ្រុលនិយមថៃនោះទេ ព្រោះគ្មានអ្នកណាស្រលាញ់ខ្មែរជាងខ្មែរឡើយ។ ក្រុមជ្រុលនិយមថៃមួយចំនួនបានវាយធ្វើបាប និងប្រមាថមកលើពលករខ្មែរ ក្រោយមានបញ្ហាព្រំដែន។ ដោយហេតុនេះបានធ្វើឱ្យបងប្អូនពលករយើងសម្រេចចិត្តចាកចេញនិងវិលមកកាន់មាតុប្រទេសវិញ។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រាប់ទៅកាន់បងប្អូនពលករថា កម្ពុជាបច្ចុប្បន្ន មិនដូចកម្ពុជាកាលពី ២០ឆ្នាំមុននោះទេ បើនិយាយពីប្រាក់ឈ្នួល គឺមានការកើនឡើងជាបន្តបន្ទាប់ ជាមួយនឹងអត្តប្រយោជន៍ផ្សេងៗជាច្រើនទៀត ខណៈដែលការងារនៅជិតផ្ទះ មានភាពកក់ក្តៅជាងការងារនៅឆ្ងាយពីក្រុមគ្រួសារ។ ចំពោះវត្តមាននៃការវិលត្រឡប់មកវិញរបស់ពលករខ្មែរ រាជរដ្ឋាភិបាលក៏ដូចអាជ្ញាធរខេត្ត ក្រុងបានយកចិត្តទុកដាក់និងសម្របសម្រួលគ្រប់បែបយ៉ាងធ្វើយ៉ាងឱ្យបងប្អូនទទួលបានការងារដោយមិនចាំបាច់វិលត្រឡប់ទៅវិញ ដែលអាចប្រឈមនូវហានិភ័យ និងការមើលងាយពីពួកក្រុមជ្រុលនិយមថៃទៀតនោះទេ។

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់បន្ថែមថា ចំពោះប្រាក់ឈ្នួលនាពេលបច្ចុប្បន្នក៏មិនចាញ់ប្រទេសថៃនោះដែរ ហើយកាន់តែពិសេសគឺមួយខែបងប្អូនអាចបើកបានរហូតដល់ទៅ២ដង។ហើយទន្ទឹមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានជម្រុញឱ្យអាជ្ញាធរនិងមន្ទីរជំនាញជួយសម្របសម្រួលរាល់ឯកសារផ្សេងៗដល់បងប្អូនដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្នាក់នៅនិងរកការងារធ្វើ៕

