ហ្វេនៗរបស់ស្រីស្អាត ហាន់ សូហ៊ី បានសម្ដែងការមិនពេញចិត្តខ្លាំងដែលក្រុមផលិតកម្ម ធ្វើរឿងមួយមិនគួរគប្បីចំពោះតារាសម្ដែងរូបនេះ ព្រោះសាមីខ្លួនបានចេញមកផ្ដល់បទសម្ភាសន៍ថាកញ្ញាមិនបានដឹងជាមុននោះទេថា ត្រូវសម្ដែងឈុតឆាកលើគ្រែ ដោយសារគ្មានបញ្ជាក់នៅក្នុងកុងត្រាថតឡើយ។

កញ្ញា ហាន់ សូហ៊ីបានចេញមកបង្ហើបឱ្យដឹងថាកញ្ញាមិនដឹងថាត្រូវសម្ដែងឈុតស្នេហាពីដំបូងនោះទេ ព្រោះនៅក្នុងកិច្ចកុងត្រាសម្ដែងមិនមានបញ្ជាក់ឡើយ។
តារាសម្ដែងស្រីដ៏មានសមត្ថភាពរូបនេះ ទទួលបានស្រលាញ់ និងគាំទ្រ យ៉ាងខ្លាំងទាំងនៅប្រទេសកូរ៉េ និងបណ្ដាប្រទេសដែលពេញនិយមទស្សនាភាពយន្តកូរ៉េ បន្ទាប់ពីកញ្ញាសម្ដែង The World Of Married និងរៀង Nevertheless។

យ៉ាងណាមិញរឿងភាគចុងក្រោយ «My Name» ដែលជាភាពយន្តស៊ើបអង្កេតបែបឧក្រិដ្ឋកម្មបញ្ចាំងនៅលើ Netflix ដែរនោះ កញ្ញាបានបង្ហាញនូវការសម្ដែងមួយ ប្លែកថ្មីនិងហ៊ានជាងរឿងមុនៗដែលកញ្ញាធ្លាក់សម្ដែង ព្រោះមានឈុតឆាកស្នេហាមួយនៅក្នុងសាច់រឿងដែលអាចចាត់ទុកថាជាឆាកអាក្រាតកាយលើកទីមួយរបស់កញ្ញានៅក្នុងវិស័យសម្ដែង។
ក្រោយមកកញ្ញាបានចេញមកបង្ហើបពាក់ព័ន្ធនឹងឈុតឆាកនេះថាកញ្ញា មិនបានដឹងថាមានឈុតឆាកស្នេហាលើគ្រែនោះទេ រហូតទាល់តែដល់ថ្ងៃថត និងត្រូវថតឈុតនេះតែម្ដង។ ដំបូងឡើយកញ្ញាមានមន្ទិលចំពោះអត្ថន័យរបស់ឈុតឆាកនេះ តែពេលមកអង្គុយគិតឡើងវិញទើបធ្វើឱ្យកញ្ញាគិតឃើញថា ឆាកនេះចង់បង្ហាញពីភាពជាមនុស្សនិងអារម្មណ៍តួស្រីមិនដែលបង្ហាញមកក្រៅសោះចាប់តាំងពីផ្ដើមសាច់រឿង។

បន្ទាប់ពីបទសម្ភាសន៍របស់កញ្ញាត្រូវបានផ្សាយចេញទៅក្រៅ បណ្ដាអ្នកគាំទ្ររបស់កញ្ញាបានបង្ហាញការខឹងសម្បារនិងមិនពេញចិត្តជាខ្លាំងថែមទាំងរិះគន់ធ្ងមន់ៗចំពោះក្រុមផលិតដេលមិនធ្វើការបញ្ជាក់ពីកម្រិតនៃការសម្ដែងឱ្យបានច្បាស់លាស់ ព្រោះទង្វើនេះជាការបង្គាប់បែបប្រយោល ដោយដឹងថា ហាន់ សូហ៊ី គឺជាតារាមួយរូបដែលហ៊ានលះបង់ខ្ពស់ដើម្បីឱ្យសមិទ្ធិផលចេញមកបានល្អ ដូច្នេះកញ្ញាប្រាកដជាមិនហ៊ានបដិសេធចំពោះការស្នើសុំក្នុងពេលកំពុងតែថតនោះឡើយ។
សូមជម្រាបថា ហាន់ សូហ៊ី កើតនៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ១៩៩៤ បច្ចុប្បន្នមានវ័យ២៦ឆ្នាំ គឺជាតារាសម្ដែង និងជាតារាបង្ហាញម៉ូដជនជាតិកូរ៉េខាងត្បូង៕

