សារព័ត៌មានក្នុងស្រុករបស់ថៃ Ch7 បានចេញផ្សាយនាថ្ងៃទី២ ខែតុលា នេះថា មានករណីអគ្គិភ័យឆាបឆេះរោងច្រកផ្លាស្ទិកមួយកន្លែងនៅបាងកក និងផ្ទះមួយកន្លែងទៀត នៅខេត្តរ៉ាក់យ៉ង ក្នុងថ្ងៃតែមួយ។

កាលពីវេលាម៉ោង ២:១២នាទីទៀបភ្លឺថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងចក្រផ្លាស្ទិកមួយកន្លែងស្ថិតនៅម្ដុំផ្លូវ បាងក្រាឌី២៤ កែងនឹងផ្លូវ១៦ សែមដាំ ស្រុកបាងឃុនធាន ទីក្រុងបាងកក។ តាមការប៉ាន់ស្មាន ហេតុការណ៍ផ្ទុះឆេះនេះ បណ្តាលមកពីទុស្សេខ្សែភ្លើងទើបបែកផ្កាភ្លើងធ្លាក់ឆេះលើផ្លាស្ទិក ប៉ុន្ដែសំណាងល្អ មិនបណ្ដាលឱ្យមានអ្នករងរបួសទេ។

ដោយឡែកករណីអគ្គិភ័យមួយករណីទៀត បានឆាបឆេះផ្ទះពលរដ្ឋថៃ មួយកន្លែងនៅលើផ្លូវថាងប៉ៃ ឃុំថាប្រាឌូ ស្រុកមឿង ខេត្តរ៉ាក់យ៉ង កាលពីវេលាម៉ោង២:២០នាទីទៀបភ្លឺ ថ្ងៃដដែល បណ្ដាលឱ្យសមាជិកគ្រួសារចំនួន ៧នាក់បាត់បង់ជីវិត។





យោងតាមការត្រួតពិនិត្យបឋម គេបានរកឃើញថា មានផ្ទះរងការខូចខាតចំនួន ៣ខ្នង ជាពិសេសនៅក្នុងផ្ទះដែលភ្លើងឆេះដំបូងគេ មានអ្នកស្លាប់សរុបដល់ទៅ ៧នាក់ ដែលសុទ្ធសឹងជាសមាជិកគ្រួសារតែមួយ រួមមាន ៖ ឪពុក កូនៗ និងចៅៗ។
ចំពោះមូលហេតុនៃការឆាបឆេះ និងការពិនិត្យសាកសព គឺស្ថិតនៅក្រោមការស៊ើបអង្កេតរបស់មន្ត្រីនគរបាលបន្តទៀត៕

