នាពេលថ្មីៗនេះ មានការលើកឡើងនិងការយល់ច្រឡំជាច្រើនជុំវិញអត្ថន័យនៃពាក្យ “បិទស្ថានទូត” និង “ផ្ដាច់ទំនាក់ទំនងការទូត”។ ដើម្បីបកស្រាយឱ្យបានច្បាស់លាស់ សាស្ត្រាចារ្យ ឥន្ទ សុផល បានពន្យល់អំពីនិយមន័យទាំងពីរនេះ ក៏ដូចជាបាតុភូតពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជៀសវាងភាពចម្រូងចម្រាស។

សាស្ត្រាចារ្យរូបនេះលើកឡើងថា បិទស្ថានទូត និងផ្តាច់ទំនាក់ទំនងការទូត ៖

  • បិទស្ថានទូត៖ ពុំមែនមានន័យថាផ្តាច់ទំនាក់ទំនងការទូតទេ (ឧទាហរណ៍.ស៊ុយអែត បិទស្ថានទូតនៅភ្នំពេញ ដោយផ្ទេរភារកិច្ចទៅស្ថានទូតស៊ុយអែតនៅបាងកកឱ្យទទួលបន្ទុកកម្ពុជា)។
  • បិទទ្វារស្ថានទូត៖ ករណីស្ថានទូតបរទេសនៅកូរ៉េខាងជើងមួយចំនួន ត្រូវបានបិទទ្វារ ព្រោះអត់ជើងយន្តហោះ អត់មានមន្ត្រីការទូតស្ម័គ្រចិត្តទៅធ្វើការនៅទីនោះ ដូច្នេះស្ថានទូតត្រូវបិទទ្វារជាបណ្តោះអាសន្នរហូតពេលវេលាសមស្រប។ ប៉ុន្តែពុំមែនមានន័យថាផ្តាច់ទំនាក់ទំនងការទូតនោះទេ។
  • ដកឯកអគ្គរាជ/រដ្ឋទូត៖ ករណីថៃ និងកម្ពុជា បានដកឯកអគ្គរាជទូតរាងៗខ្លួន ប៉ុន្តែនៅមានភារធារី និងមន្ត្រីការទូតធ្វើការធម្មតា។
    ១.ករណីស្ថានទូតអាម៉េរិកនៅបាងកក បើកជាធម្មតា ប៉ុន្តែបានផ្អាកជាបណ្តោះអាសន្ននៃការផ្តល់សេវាកម្មមួយចំនួន ដែលមិនចាំបាច់ បានសេចក្តីការផ្តល់សេវាកម្មមិនបានពេញលេញ និងមិនទៀងទាត់។
    ២.អាម៉េរិក និងថៃ នៅតែមានទំនាក់ទំនងការទូត និងស្ថានទូតនៅបើកដំណើរការសម្រាប់តែការងារការទូត និងនយោបាយដែលចាំបាច់ប៉ុណ្ណោះ។
    ៣. ហេតុផលនៃការបញ្ឈប់/កាត់បន្ថយសេវា

សាស្ត្រាចារ្យរូបនេះបានបន្ថែមថា ការខ្វះបុគ្គលិក ដោយសារកាត់បន្ថយ។ បញ្ហាកញ្ចប់ថវិកា ដោយសាររដ្ឋាភិបាលអាមេរិកមានការកាត់បន្ថយថវិកា ។ ហេតុផលសុវត្ថិភាព៖ នៅឆ្នាំ២០២៥ បន្ទាប់ពីថៃបញ្ជូនជនជាតិអ៊ូគ័រ៤០នាក់ទៅប្រទេសចិន ស្ថានទូតអាមេរិកបានចេញ សេចក្តីព្រមានសុវត្ថិភាព សម្រាប់ពលរដ្ឋអាមេរិកនៅថៃ។

យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ១ តុលា ឆ្នាំ២០២៥ ស្ថានទូតអាម៉េរិកនៅប្រទេសមួយចំនួនដូចជា ថៃ, បេឡារុស, វេណេហ្ស៊ុយអេឡា, ស៊ីរី, អាហ្វហ្គានីស្ថាន, និងស៊ូដង់ បានផ្អាកដំណើរការសេវាកម្មរបស់ខ្លួន។ ប៉ុន្តែ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា គឺនៅតែដំណើរការសេវាកម្មជាធម្មតា។

សរុបមក និយមន័យនៃ “បិទស្ថានទូត” ឬ “បិទទ្វារបណ្ដោះអាសន្ន” គឺមានលក្ខណៈខុសគ្នាទាំងស្រុងពី “ផ្ដាច់ទំនាក់ទំនងការទូត” ដែលជាការសម្រេចចិត្តកម្រិតខ្ពស់ និងធ្ងន់ធ្ងរជាង ដែលនាំឲ្យមានការបញ្ចប់ទំនាក់ទំនងផ្លូវការរវាងរដ្ឋទាំងពីរ។ ការយល់ច្បាស់ពីពាក្យទាំងនេះមានសារៈសំខាន់ណាស់ក្នុងការតាមដានស្ថានការណ៍នយោបាយ និងការទូតអន្តរជាតិ៕

Share.