កំពង់ធំ÷ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផលក្នុងរដូវបើកនេសាទ និងពង្រឹងវិធានការ ការពារ ទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ព្រមទាំងបាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ រួមមានភេសជ្ជ: និងប្រេងឥន្ទន:ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនទីបញ្ជាការស្រាលប្រចាំការនៅភូមិសាស្រ្តបឹងទន្លេសាប នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ​ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំកម្លាំងមន្រ្តី​ខណ្ឌជលផលកំពង់ធំ​ មន្ត្រីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ។

កម្លាំងជំនាញចម្រុះបានចុះប្រតិបត្តិរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន៤៥របាំង ប្រវែង១៥០០ម៉ែត្រ ឡុកចំនួន៤៥គ្រឿង លូចំនួន៤៥មាត់បង្គោលចំនួន៩០០ដើម ចាក់លែងកូនត្រីចម្រុះទំងន់២៥០គីឡូក្រាមចូលទន្លេវិញ។


អត្ថបទ៖ កំពង់ធំ

Share.