កំពង់ឆ្នាំង – នៅព្រឹកថ្ងៃទី ៤ តុលា ២០២៥ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចុះពិនិត្យការជួសជុលដំបូលព្រះវិហារវត្តកំពង់ត្រឡាចលើ ដំណាក់កាលទី១ ដែលទើបបញ្ចប់ដោយជោគជ័យ។ ក្នុងឱកាសនេះ លោកជំទាវក៏បានជួបសំណេះសំណាលជាមួយតា យាយ និងគណៈកម្មការអាចារ្យវត្ត ដើម្បីក្លាយជាកម្លាំងគាំទ្រក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌។

កម្មវិធីនេះ ក៏មានការចូលរួមពី ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំក្រសួង ក្រុមការងារជំនាញ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។ សូមបញ្ជាក់ថា ការជួសជុលព្រះវិហារនេះបានបើកការដ្ឋានតាំងពីថ្ងៃទី ១០ ឧសភា ២០២៥ ដោយក្រុមបច្ចេកទេសក្រសួង ដោយមានគោលបំណងថែរក្សា និងអភិរក្សបេតិកភណ្ឌជាតិឲ្យស្ថិតស្ថេរជូនជំនាន់ក្រោយ។ ព្រះវិហារវត្តកំពង់ត្រឡាចលើ គឺជាវត្តបុរាណដែលមានអាយុកាលជាង ១០០ ឆ្នាំ។

ក្រៅពីនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានជួបអ្នកគ្រូ ខាត ម៉ៃនះ ដែលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា (សាជី) ដល់សិស្សក្រីក្រ ក្នុងភូមិស្រែប្រិយ៍ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច។

លោកជំទាវបានថ្លែងសរសើរចំពោះការខិតខំរបស់គាត់ក្នុងការផ្ទេរចំណេះដឹង និងថែរក្សាមរតកវប្បធម៌អរូបីនេះឱ្យបន្តឃើញជារស់រវើក។ ចុងបញ្ចប់ លោកជំទាវក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់អ្នកគ្រូបង្គោល និងសិស្សបន្តវេន ដើម្បីជំរុញការរៀនសូត្រនេះឱ្យមានប្រសិទ្ធភាពបន្ថែម។

Share.