តំណាងរាស្ត្រ និងជាអនុប្រធានគណបក្សប្រឆាំងប្រជាជន (People’s Party) បានប្រើប្រាស់វេទិកាពិភាក្សាជជែកដេញដោលគោលនយោបាយរបស់រដ្ឋាភិបាល នៅក្នុងសភា បកអាក្រាត និងចោទប្រកាន់ដោយផ្ទាល់អំពីទំនាក់ទំនងរវាង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងកសិកម្មលោកធម្មម៉ាណាត់ព្រហ្មផៅ (Captain Thamanat Prompow) ជាមួយមេក្រុមបោកប្រាស់អន្តរជាតិដ៏ល្បីល្បាញម្នាក់ ដែលទើបនឹងរត់គេចខ្លួនចេញពីប្រទេសថៃ។ នៅក្នុងនោះ លោក រ៉ាំងស៊ីម៉ាន ដែលជាប្រធានគណៈកម្មាធិការសភាទទួលបន្ទុកសន្តិសុខជាតិផងដែរនោះ បានព្រមានថា ប្រទេសថៃកំពុងប្រឈមនឹងគ្រោះថ្នាក់នៃការក្លាយជាមូលដ្ឋាននយោបាយសម្រាប់ឧក្រិដ្ឋជនអន្តរជាតិ។ នេះបើយោងតាមការផ្សាយពីកាសែតទាំងជាភាសាថៃ និងភាសាអង់គ្លេសបានចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ។

លោក រ៉ាំងស៊ីម៉ាន រ៉ូម បានបញ្ជាក់ថា គណៈកម្មាធិការរបស់លោកកំពុងពិនិត្យមើលយ៉ាងល្អិតល្អន់ទៅលើបុគ្គលសំខាន់ម្នាក់ គឺលោក បេនចាមីនម៉ៅអ៊ែរប៊ឺហ្គឺរ (Benjamin Mauerberger) ហៅម្យ៉ាងទៀតថា បេនស្មីត (Ben Smith)

តំណាងរាស្ត្ររូបនេះបានអះអាងថា លោក ស្មីត ត្រូវបានសង្ស័យថាបានបង្វិលមូលនិធិខុសច្បាប់ចូលមកប្រទេសថៃតាមរយៈអាជីវកម្មថាមពល ធនាគារ និងក្រុមហ៊ុនផ្សេងទៀត ដោយប្រើប្រាស់បរិវេណកម្សាន្តដើម្បីពន្លឿនការលាងលុយកខ្វក់ក្នុងទ្រង់ទ្រាយធំ។

ចំណុចសំខាន់បំផុត លោក រ៉ាំងស៊ីម៉ាន បានអះអាងថា ទាំងអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា និង ឧបនាយករដ្ឋមន្ត្រីធម្មម៉ាណាត់ព្រហ្មផៅគឺស្គាល់លោកបេនស្មីតយ៉ាងច្បាស់ ហើយលោក កាពីតែន ធម្មនាត គឺជាសាក្សីម្នាក់ដែល មានចំណេះដឹងច្រើនបំផុត អំពីករណីនេះ។

លោក រ៉ាំងស៊ីម៉ាន មិនបានចោទប្រកាន់ឧបនាយករដ្ឋមន្ត្រីថៃ លោក ធម្មម៉ាណាត់ ថាជាអ្នកបោកប្រាស់នោះទេ ប៉ុន្តែលោកបានព្រមានសភាថា «ប្រទេសថៃកំពុងក្លាយជាគោលដៅថ្មីរបស់ពួកគេយ៉ាងលឿន ជាទីដែលក្រុមបោកប្រាស់មានបំណងបុកគ្រឹះ និងពង្រីកអាណាចក្ររបស់ពួកគេនៅទីនេះ។

លោកបានជំរុញឱ្យនាយករដ្ឋមន្ត្រីផ្តល់អាទិភាពដល់ការបង្ក្រាបក្រុមបោកប្រាស់ទាំងនេះ ជាពិសេសមេក្លោងដែលបច្ចុប្បន្នកំពុងនៅលើទឹកដីថៃ ដោយបញ្ជាក់ថា កិច្ចការនេះត្រូវតែដឹកនាំដោយនាយករដ្ឋមន្ត្រី។

បុរសអាហ្វ្រិកខាងត្បូងដែលជាមេឧក្រិដ្ឋជនខាងលើ ក៏មានភរិយាជាជនជាតិថៃ ហើយថែមទាំងធ្លាប់ជាបវរកញ្ញាថៃផងដែរ។

ជាការកត់សម្គាល់ ឧបនាយករដ្ឋមន្ត្រីថៃ ធម្មម៉ាណាត់ ព្រំផៅ ធ្លាប់ជាអ្នកទោសដែលជាប់គុកនៅអូស្ត្រាលី 6ឆ្នាំ ពីបទជួញដូរគ្រឿងញៀន បើតាមច្បាប់រដ្ឋធម្មនុញ្ញមិនអនុញ្ញាតឱ្យបុគ្គលដែលធ្លាប់ជាប់គុក មកធ្វើជារដ្ឋមន្ត្រីទេ ព្រោះខុសនិងច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្តែបុគ្គលរូបនេះ បានតំណែងជារដ្ឋមន្ត្រី សឹងតែគ្រប់ឈុតក្នុងជួររដ្ឋាភិបាលថៃ ព្រោះអតីតរបស់ ធម្មម៉ាណាត់ ព្រំផៅ ជាអង្គរក្សពិសេសនៅក្នុងវាំង  ដែលតំណែងនេះគឺជាតំណែងតែមួយដែល អតីតមេភូមិភាគល្មោភសង្គ្រាម ប៊ុនសិន ផាតក្លាង ទើបតែបានទទួល ក្រោយពេលចូលនិវត្តន៍។

ការលាតត្រដាងនូវការពិតដ៏ខ្មៅកខ្វក់របស់មន្ត្រីក្នុងជួររដ្ឋាភិបាលថៃនេះ ល្មមគ្រប់គ្រាន់បង្ហាញឱ្យអន្តរជាតិឃើញថា ថៃ គឺជាមជ្ឈមណ្ឌលកណ្ដាល នៃបទឧក្រិដ្ឋកម្មអន្តរជាតិ និងការឆបោកអនឡាញដែលថៃតែងតែប្រកាសក្ដែងៗរុញច្រានកំហុសនេះមកឱ្យកម្ពុជា ព្រោះប្រទេសថៃទេ ដែលមានមេក្លោងទាំងជនបរទេស និងមន្ត្រីគ្រាក់ៗ កំពុងកាន់អំណាចក្នុងជួររាជរដ្ឋាភិបាលចាំជួយសម្របសម្រួលនិងបើកដៃឱ្យ៕

Share.