បន្ទាយមានជ័យ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចូលរួមជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។ការងារនេះអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឱ្យលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន ១៥ នាក់ សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ពលរដ្ឋខ្មែរដែលត្រឡប់មកវិញ។ជាលទ្ធផល ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច នៅថ្ងៃសៅរ៍នោះ មានពលរដ្ឋខ្មែរវិលត្រឡប់ចំនួនសរុប ២១ នាក់ ក្នុងនោះស្រី ៩ នាក់។

កម្លាំងនគរបាលបានប្រើប្រាស់រថយន្តចំនួន ២ គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋទាំងអស់ទៅដល់លំនៅដ្ឋានតាមខេត្តបន្ទាយមានជ័យ ដោយសុវត្ថិភាព និងមានការយកចិត្តទុកដាក់ពេញលេញ៕

អត្ថបទ÷ប៉ោយប៉ែត

Share.