ភ្នំពេញ៖ ក្រសួងបរិស្ថាន បានសម្រេចចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងលើ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ដែលជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីក្រុមការងារអធិការកិច្ចបានចុះទៅពិនិត្យ និងរកឃើញថា ក្រុមហ៊ុននេះបានប្រព្រឹត្តល្មើសច្បាប់ដោយ ដុតកម្ទេចក្រណាត់ ក្នុងច្រវ៉ាក់ផលិតកម្មរបស់ខ្លួន បង្កឱ្យមាន ការបំពុលខ្យល់ យ៉ាងធ្ងន់ធ្ងរ។

ការរកឃើញនេះធ្វើឡើងកាលពីថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៥ ដោយក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធានាយកដ្ឋាន។ នៅក្នុងទីតាំងរោងចក្រ ក្រុមការងារបានរកឃើញភស្តុតាងមួយចំនួនដូចជា៖

  • ឃើញមាន សំណល់កម្ទេចក្រណាត់លាយផេះ នៅមាត់ឡចំហាយ។
  • មាន កន្លែងស្តុកកម្ទេចក្រណាត់ ជាប់បន្ទប់ដាក់ឡចំហាយ។
  • សំខាន់បំផុត ក្រុមការងារបានធ្វើតេស្ដសារធាតុបំពុលខ្យល់ពីបំពង់ផ្សែងឡចំហាយ ដោយប្រើឧបករណ៍ Testo 350 ដែលបានរកឃើញ សារធាតុ SO2 (ស្ពាន់ធ័រឌីអុកស៊ីត) មានកម្រិត ៧២០ppm (ផ្នែកក្នុងមួយលាន)។ កម្រិតនេះគឺ លើសពីស្តង់ដា ដែលបានកំណត់ត្រឹម ៥០០ppm។

យោងតាមការរកឃើញនេះ ក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រុមហ៊ុនមិនត្រឹមតែល្មើសច្បាប់ស្តីពីការការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ពុំបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន ផងដែរ។

ចំពោះមុខ ក្រសួងបានចាត់វិធានការច្បាប់ភ្លាមៗ រួមមាន៖

  1. ហាមដាច់ខាត ដល់ក្រុមហ៊ុនមិនឱ្យយកកម្ទេចក្រណាត់ទៅដុតក្នុងឡចំហាយទៀតឡើយ ទោះក្នុងករណីណាក៏ដោយ។
  2. ក្រុមហ៊ុនត្រូវរង ពិន័យអន្តរការណ៍ ករណីល្មើសមាត្រា ១៥៦ និងមាត្រា ៦៩៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
  3. ក្រុមហ៊ុនត្រូវ បង់សំណងខូចខាត ប៉ះពាល់បរិស្ថាន។
  4. ឡចំហាយត្រូវ ដំណើរការប្រព័ន្ធចម្រោះសម្អាតផ្សែង ឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។

ក្រសួងបរិស្ថាន ក៏បានឆ្លៀតក្នុងឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ ប្រជាពលរដ្ឋ និង អ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មាន និងរាយការណ៍ករណីបំពុលបរិស្ថានខាងលើ។ ក្រសួងបានសង្កត់ធ្ងន់ថា ការចូលរួមសាមគ្គីគ្នានេះកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តការងារគ្រប់គ្រងបរិស្ថាន និងជួយលើកកម្ពស់ សុខភាពបរិស្ថាននិងរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅរក «ភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតលើមេឃ»៕

អត្ថបទ៖ចតុមុខ

Share.