ត្បូងឃ្មុំ ÷ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៨០០ គ្រួសារ មកពីភូមិចំនួន ១៤ នៃឃុំជីរោទ៍ទី១ ឃុំទន្លេបិទ និងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។




ពិធីនេះប្រព្រឹត្តទៅនៅបរិវេណដីទួលសុវត្ថិភាព ឧកញ៉ា វ័ន ប៊ុនថៃ ភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត ជាប្រធានកិត្តិយសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ចាយ បូរិន និងអភិបាលខេត្ត ឯកឧត្តម ប៉ែន កុសល្យ ព្រមទាំងមន្ត្រីជាន់ខ្ពស់ ផ្សេងទៀត។





សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញអារម្មណ៍អាណិតស្រឡាញ់ និងនឹករលឹកដល់លោកតា លោកយាយ អ៊ុំពូមីង កូនក្មួយ និងបងប្អូនសាសនិកទាំងអស់ ដោយមិនប្រកាន់សាសនា ឬនិន្នាការនយោបាយឡើយ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ដោយត្រូវផ្លាស់ប្ដូរឥរិយាបថក្នុងការរស់នៅ និងការហូបចុកដោយត្រូវមានអនាម័យជានិច្ច។ ក្នុងនោះដែរ សូមប្រុងប្រយ័ត្នចំពោះកុមារតូចៗ ដែលប្រឈមនឹងគ្រោះថ្នាក់ដោយការលង់ទឹកជាយថាហេតុ និងប្រុងប្រយ័ត្នចំពោះសត្វ អសិរពិសផងដែរ ។




ក្នុងឱកាសដដែល ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។




តាមរបាយការណ៍របស់រដ្ឋបាលស្រុកត្បូងឃ្មុំ បង្ហាញថា បន្ទាប់ពីទឹកទន្លេមេគង្គហក់ឡើង ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួន ១,៩០៩គ្រួសារ សរុប ៦,០៦៩នាក់ រួមទាំងសត្វពាហនៈជាច្រើន ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១៤ ទីតាំង។សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដាំឲ្យប្រជាពលរដ្ឋថែទាំសុខភាព ប្រុងប្រយ័ត្នចំពោះកុមារនិងសត្វអសិរពិស ព្រមទាំងមានអនាម័យល្អក្នុងជីវិតប្រចាំថ្ងៃ ដើម្បីការពារជំងឺ និងគ្រោះថ្នាក់ដែលអាចកើតឡើងពីទឹកជំនន់៕
អត្ថបទ÷ អាចារ្យលាក់
