កដ្ឋមណ្ឌូ៖ យោងតាមអាជ្ញាធរនេប៉ាល់ បាននិយាយកាលពីថ្ងៃអាទិត្យ ថា ការរអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសនេប៉ាល និងប្រទេសឥណ្ឌាដែលជាប្រទេសជិតខាងបានសម្លាប់នុស្សជាង ៦០នាក់ ខណៈក្រុមជួយសង្រ្គោះនៅបន្ដស្វែងរកជនរងគ្រោះជាបន្ដ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥។

ភ្លៀងធ្លាក់យ៉ាងគំហុកបានបោកបក់ប្រទេសនេប៉ាល់ ចាប់តាំងពីថ្ងៃសុក្រ សប្ដាហ៍មុនមក ធ្វើឱ្យទន្លេហូរហៀរ ផ្លូវថ្នល់ត្រូវបិទ ហើយជើងហោះហើរត្រូវផ្អាកដោយជាប់គាំងអ្នកដំណើររាប់រយនាក់ដែលត្រឡប់មកពីពិធីបុណ្យ Dashain ខណៈនៅទីក្រុង Kathmandu ទឹកទន្លេហក់ឡើងបង្កការជនលិចលំនៅដ្ឋាន ។

បើតាមអ្នកនាំពាក្យអាជ្ញាធរកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្ដរាយជាតិរបស់ប្រទេសនេប៉ាល់ បានប្រាប់ AFP ថា «យ៉ាងហោចណាស់មនុស្ស ៤៣នាក់ បានស្លាប់ក្នុងគ្រោះមហន្ដរាយដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ខណៈមនុស្ស ៥នាក់កំពុងបាត់ខ្លួន ដោយស្រុក Illam ក្នុងខេត្ត Koshi ទទួលរងការខូចខាតធ្ងន់ធ្ងរបំផុត»។

ដើម្បីជាកាឆ្លើយតប នាយករដ្ឋមន្ត្រីថ្មី នៃប្រទេសនេប៉ាល់ លោកស្រី Sushila Karki បានប្រកាសថ្ងៃឈប់សម្រាកជាសាធារណៈ ដោយបានជំរុញឱ្យពលរដ្ឋជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ហើយបាននិយាយថា រដ្ឋាភិបាលបានត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការជួយសង្រ្គោះ និងផ្តល់ជំនួយផ្សេងៗ។

ដោយឡែកនៅទូទាំងព្រំដែនប្រទេសឥណ្ឌាវិញ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងពេញមួយយប់បង្កជាទឹកជំនន់ និងការរអិលបាក់ដី បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និងបង្កការខូចខាតយ៉ាងធំធេងដល់ផ្ទះប្រជាពលរដ្ឋ ស្ពាន និងផ្លូវថ្នល់ នៅក្នុងស្រុកភ្នំ Darjeeling រដ្ឋ West Bengal។

យ៉ាងណាម៉ិញ បុគ្គលិកជួយសង្គ្រោះបានដាក់ពង្រាយខ្សែកាប ដើម្បីចូលទៅកាន់តំបន់ដាច់ស្រយាល ខណៈនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសម្តែងការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់ប្រជាជនក្នុងគ្រោះមហន្តរាយនេះ។

ភ្លៀងមូសុង តែងតែបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ចាប់ពីខែមិថុនា ដល់ខែកញ្ញា ដោយបណ្ដាលឱ្យមានមនុស្សស្លាប់ និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា ជារៀងរាល់ឆ្នាំនៅទូទាំងអាស៊ីខាងត្បូង ប៉ុន្តែចំនួននៃទឹកជំនន់ និងការរអិលបាក់ដីបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ទាក់ទិននឹងបញ្ហានេះ អ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានការកើនឡើងនៃគ្រោះទឹកជំនន់ និងការរអិលបាក់ដីញឹកញាប់៕

ប្រភព៖ CNA

Share.