សារព័ត៌មានថៃ មតិជន បានរាយការណ៍នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ នេះថា កាលពីវេលាម៉ោង ៨:០០ យប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ភូមិជាច្រើននៅតំបន់សង្កាត់ឡៃហ៊ីន ស្រុកកោះខា ខេត្តលំប៉ាង មានទាំងមនុស្សចាស់ បុរស នារី ក៏ដូចជាវ័យធ្វើការ និងយុវវ័យ បានធ្លាក់ខ្លួនឈឺព្រមៗគ្នាភ្លាមៗ។

សាច់ញាតិបានប្រញាប់បញ្ជូនពួកគេទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ដោយសារតែមានអាការៈចង្អោរ ក្អួត វិលមុខ និងអ្នកខ្លះមានអាការៈរាគរូសធ្ងន់ធ្ងររហូតដល់អស់កម្លាំង ទើបតម្រូវឱ្យប្រញាប់ទៅទទួលការព្យាបាលជាបន្ទាន់។

ក្រោយពីសាកសួរអ្នកភូមិជាច្រើននាក់ ទើបដឹងថា ថ្ងៃនេះអ្នកភូមិមកពីភូមិជាច្រើនក្នុងសង្កាត់ឡៃហ៊ីន បានចូលរួមពិធីបូជាសពតាអាយុ ៧០ ឆ្នាំម្នាក់ក្នុងភូមិ ហើយម្ចាស់ផ្ទះបានរៀបចំអាហារប្រអប់ ដែលមាន បាយសម្លប្រហិតជើងជ្រូកជាមួយស៊ុត។

អ្នកភូមិខ្លះបានញ៉ាំនៅទីនោះ រីឯខ្លះទៀតបានយកទៅផ្ទះដើម្បីញ៉ាំ ឬឱ្យសាច់ញាតិបន្ត។ ពួកគេទាំងអស់គ្នាចាប់ផ្តើមមានអាការៈឈឺក្នុងពេលតែមួយ ដោយក្អួត និងរាគមិនឈប់។ ខ្លះមានអាការៈរាគធ្ងន់ធ្ងររហូតដល់អស់កម្លាំងទាំងស្រុង ដែលតម្រូវឱ្យសាច់ញាតិប្រញាប់ដឹកតាមរថយន្តទៅសង្គ្រោះដល់មន្ទីរពេទ្យ។

រថយន្តសង្គ្រោះពីមន្ទីរពេទ្យកោះខា ក៏បានទៅដឹកអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរនៅផ្ទះរបស់ពួកគេផងដែរ ដើម្បីទទួលការព្យាបាល។ ខ្លះបានក្អួតមិនឈប់សូម្បីតែពេលអង្គុយលើរទេះរុញរង់ចាំដើម្បីចូលពិនិត្យផងដែរ។ អ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ ត្រូវបានដាក់សេរ៉ូមដើម្បីឱ្យស្ថានភាពប្រសើរឡើង ដោយសារតែពួកគេខ្សោយខ្លាំងពេក។

គេបានដឹងថា អាហារប្រអប់ដែលចែកជូនក្នុងពិធីនោះ ត្រូវបានរៀបចំដោយអ្នកលក់ដែលម្ចាស់ផ្ទះបានជួល។ គេសង្ស័យថា មានអ្វីមួយក្នុងអាហារអាចនឹងខូច ដែលបង្កឱ្យមានអាការៈពុលចំណីអាហារក្រោយពេលបរិភោគ។

Share.