កាសែត Nation Thailand បានផ្សាយថាអាជ្ញាធរនៅខេត្តណារ៉ាធីវ៉ាត់ កំពុងស៊ើបអង្កេតករណីប្លន់ប្រដាប់អាវុធដ៏កម្រមួយនៅផ្សារទំនើបល្បីឈ្មោះក្នុងស្រុកស៊ូ-ង៉ៃកូឡុក ដោយមានជនបិទមុខប្រហែល ១០ នាក់ស្លៀកពាក់ខ្មៅបានចូលទៅប្លន់ហាងមាសមួយកាលពីល្ងាចថ្ងៃអាទិត្យ (ថ្ងៃទី ៥ ខែតុលា) ដោយហេតុការណ៍នោះបានបណ្ដាលឱ្យមានមនុស្សរបួសរងរបួស។

យោងតាមការិយាល័យទំនាក់ទំនងសាធារណៈខេត្តណារ៉ាធីវ៉ាត់ ជនសង្ស័យបានបើក រថយន្តភីកអាប់ ២ គ្រឿងមកដល់ទីតាំងហាង ប្រហែលម៉ោង ៦:៣០ល្ងាច។ ពួកគេមួយចំនួនបាននៅចាំក្នុងរថយន្ត ខណៈអ្នកផ្សេងទៀតបានប្រញាប់ចូលទៅក្នុងផ្សារទំនើប ដោយបានបង្ក្រាបសន្តិសុខមុននឹងចូលទៅក្នុងហាងមាសដើម្បីធ្វើសកម្មភាពប្លន់។

ប្រដាប់ដោយអាវុធដែលមិនស្គាល់អត្តសញ្ញាណគ្រប់ដៃ ពួកគេបានគំរាមបុគ្គលិក និងដកហូតគ្រឿងអលង្ការមានមាសពីទូដាក់តាំងបង្ហាញ ដែលមានទម្ងន់ប៉ាន់ស្មាន ប្រហែល ៦ គីឡូក្រាម មុននឹងគេចខ្លួនទៅរថយន្តដែលនៅបញ្ឆេះរង់ចាំ។

ក្នុងអំឡុងពេលរត់គេច ក្រុមចោរប្លន់បានរាយដែកគោលកង់ និងបានដាក់វត្ថុសង្ស័យចំនួន ២ នៅតាមផ្លូវរត់គេចរបស់ពួកគេ មួយនៅចំណុចផ្លូវបត់ត្រឡប់របស់ផ្សារទំនើប និងមួយទៀតនៅផ្លូវបំបែក។ អាជ្ញាធរបានបិទផ្លូវទាំងចូល និងចេញជាបណ្ដោះអាសន្ន ដើម្បីស៊ើបអង្កេត និងយកវត្ថុសង្ស័យចេញ។

មានរបាយការណ៍ថា មនុស្ស ២ នាក់បានរងរបួស។ បុរសម្នាក់អាយុ ២៧ ឆ្នាំបានរងរបួសដោយគ្រាប់កាំភ្លើងចំក្បាល ក ទ្រូង និងជើង ដោយសារគ្រាប់ផ្លាត ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយទៅដល់គ្រូពេទ្យបានជួយសង្គ្រោះជួយឱ្យអាការៈរបស់គាត់មានលំនឹង។ ដោយឡែកបុរសម្នាក់ទៀតអាយុ ៣០ ឆ្នាំ ដែលត្រូវបានក្រុមជនបង្កចាប់ធ្វើជាចំណាប់ខ្មាំងមួយរយៈខ្លី ត្រូវបានព្យាបាលដែរ ដោយសារតែមានអាការៈតក់ស្លុត។

អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ទោ វិនថៃ ស៊ូវ៉ារី បាននិយាយថា បញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងតំបន់ទី ៤ បានដាក់ពង្រាយភ្នាក់ងារសន្តិសុខទាំងអស់នៅក្នុងតំបន់ដើម្បីតាមដានចាប់ខ្លួនជនល្មើស និងនាំពួកគេទៅកាត់ទោសឱ្យបានឆាប់រហ័ស។ ទោះជាមានការចេញមកថ្លែងការដូច្នេះ ប៉ុន្តែមិនទាន់មានតម្រុយណាមួយត្រូវបានទម្លាយមកខាងក្រៅនោះឡើយ ហើយជនសង្ស័យក៏មិនត្រូវបានគេរំពឹងថានឹងអាចត្រូវបានចាប់ខ្លួនបាននោះដែរ៕

Share.