មន្ត្រី ក.ប.ប. បានរកឃើញភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មាន និងកង្វះអនាម័យផ្នែកមួយចំនួនក្នុងទីតាំងនាំចូលផលិតផលសាច់បង្កក ក្លាសេ នៅព្រឹកថ្ងៃ អាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធរួមមាន មន្រ្តីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពេទ្យសត្វ និងមន្រ្តីនៃអាជ្ញាធរចំនួន ៣ ខណ្ឌនៅរាជធានីភ្នំពេញ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញនៅក្នុងទីតាំងចំនួន ៣ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ។ មន្រ្តីជំនាញ ក.ប.ប. បានធ្វើការដកយកសំណាកគំរូមកវិភាគនៅនឹងកន្លែងជាមួយមន្ទីរពិសោធន៍ចល័ត ស្វែងរកសារធាតុគីមីហាមឃាត់តាមរយៈប្រតិករគីមី (Test Kit) សរុបចំនួន ៣៣ គំរូ ជាលទ្ធផល មិនមានការកំណត់ឃើញសញ្ញាណសារធាតុគីមីហាមឃាត់ឡើយ។

ទន្ទឹមនេះ មន្រ្តីជំនាញ បានដកយកសំណាកផលិតផលចំនួន ៣៦គំរូ បញ្ជូនទៅមន្ទីរពិសោធន៍កណ្តាលនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីស្វែងរកសំណល់ថ្នាំកសិកម្ម មេរោគ និងសារធាតុហាមឃាត់ផ្សេងទៀតនៅលើផលិតផល។ នៅក្នុងប្រតិបត្តិការត្រួតពិនិត្យនេះមន្រ្តីជំនាញ បានរកឃើញនូវភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មាន កង្វះអនាម័យផ្នែកមួយចំនួន ក្នុងទីតាំងទូរបង្កក ក្លាសេ សីតុណ្ហភាពមិនសមស្រប និងលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពផលិតផល ដែលតម្រូវឱ្យមានការកែលម្អ និងកែតម្រូវឡើងវិញ។

ដោយរង់ចាំលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ មន្រ្តីជំនាញបានធ្វើការសៀលឃ្លុំបេផលិតផលផ្អាកចរាចរជាបណ្តោះអាសន្ននៅក្នុងទីតាំងទាំង៣ សរុបចំនួន ៧ទូរ។ អគ្គនាយកដ្ឋាន ក.ប.ប. ត្រៀមលក្ខណៈរួចស្រេចទទួលកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសាធារណជន ក្នុងការផ្តល់ព័ត៌មាន ឬធ្វើបណ្តឹង គ្រប់ពេលវេលា រួមទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផ្សេងៗ។

Share.