អណ្ដាតភ្លើងផុលឡើងយ៉ាងសន្ធោសន្ធៅនៅកណ្ដាលទីក្រុងបាងកកចន្លោះពេលរំលងពីគ្នាត្រឹមតែ ៤ ម៉ោងប៉ុណ្ណោះ នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ គឺមានករណីអគ្គីភ័យឆាបឆេះភោជនីយដ្ឋាននិងជាក្លឹបកម្សាន្តល្បីមួយកន្លែង បន្ទាប់មកមានករណីឆាបឆេះផ្ទះប្រជាពលរដ្ឋជាសំណង ២ ជាន់ជាច្រើនខ្នងទៀតក្នុងថ្ងៃតែមួយនេះ។

នៅវេលាម៉ោង ៥ និង ១៧ ល្ងាចថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ មានករណីអគ្គីភ័យមួយបានឆាបឆេះភោជនីយដ្ឋាន និងជាក្លឹបម្សាន្តល្បីមួយកន្លែងនៅម្ដុំផ្លូវ ហ្ស៊ូនវិចៃរ៉ាម៉ាទី ៩ បង្កឱ្យមានអណ្ដាតភ្លើងក្រហមឆ្អៅ និងផ្សែងខ្មៅភាយឡើងលើអាកាសយ៉ាងសន្ធោសន្ធៅកណ្ដាលក្រុងតែម្ដង។ មន្ត្រីមកពីស្ថានីយ៍ពន្លត់អគ្គីភ័យ និង​ជួយ​សង្គ្រោះ បាងកាពិ បានមកដល់កន្លែងកើតហេតុបានប្រើទឹកបាញ់ពន្លត់ជាច្រើនរថយន្ត និងបានបញ្ជាក់ថា គ្មានមនុស្សរងរបួស និងជាប់គាំងនៅក្នុងអាគារនោះឡើយ។ នេះបើតាមសារព័ត៌មាន Khaosod បានផ្សាយ។

សារព័ត៌មានថៃដដែលនេះ បានចេញផ្សាយមួយករណីទៀត នៅវេលាម៉ោង ៩ យប់ ថ្ងៃដដែលនេះ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាសំណងឈើក្នុងសហគមន៍ សៃឃូ ផ្លូវ កាំផែងភេតទី ២ សង្កាត់ ចតុចក្រ ក្នុងទីក្រុងបាងកក។ អគ្គីភ័យបានឆាបឆេះផ្ទះឈើពីរជាន់ ហើយបន្តរាលដាលដល់សំណង់ប្រជាពលរដ្ឋដែលនៅជាប់គ្នាជាច្រើនខ្នងទៀត។ រថយន្តពន្លត់អគ្គីភ័យបានចល័តមកបាញ់ទឹកពន្លត់ ទើបអាចគ្រប់គ្រងបានក្នុងរយៈពេលជិតកន្លះម៉ោង។ ករណីនេះគ្មានអ្នករងរបួស​ឬស្លាប់ដោយសារអណ្ដាតភ្លើងនេះទេ។ មន្ត្រីស៊ើបអង្កេតបានចុះទៅដល់កន្លែងកើតហេតុបានធ្វើកំណត់ហេតុ និងបន្តចាត់វិធានការតាមនិវិធី៕

Share.