យោងតាមសារព័ត៌មានថៃជាច្រើនបានចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមឧទ្ទាមភាគខាងត្បូងកំពុងតែឡើងចាង និងបង្កហេតុអុកឡុកសឹងតែរាល់ថ្ងៃ ដោយគ្មានក្រែងញញើតសមត្ថកិច្ច ឬកម្លាំងយោធាថៃនោះឡើយ ក្រោយពេលដែលមេភូមិភាគ៤នេះ ត្រូវបានផ្លាស់ប្ដូរតំណែងនិងតួនាទីជំនួសដោយអ្នកថ្មី ដោយហេតុការណ៍ប្លន់ហាងមាស មិនទាន់ចាប់បានជនល្មើសមកផ្ដន្ទាទោសផង ស្រាប់តែនៅរំលងអាធ្រាត្រថ្ងៃទី៧ ខែតុលា វេលាម៉ោង០០និង៥០នាទី មានករណីបំផ្ទុះទូ ATM របស់ធនាគារដ៏ធំមួយ។

ហេតុការណ៍នេះបានកើតឡើងនៅភូមិ ៣ ប៉ាន់សារោង (Ban Sarong) ឃុំខៅទូម (Khao Tum) ស្រុកយ៉ារ៉ាង ខេត្តប៉ាត់តានី ដោយក្រុមជនល្មើសបានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកនៅទូ ATM របស់ធនាគារមួយឈ្មោះធនាគារឥស្លាមថៃ (Islamic Bank of Thailand) ក្នុងបរិវេណ សាកលវិទ្យាល័យហ្វាថូនី។
តាមរយៈកំណត់ហេតុរបស់សមត្ថកិច្ចជាបឋម មុនពេលមានហេតុការណ៍កើតឡើងក្រុមជនល្មើសមួយចំនួនបានដើរមកពីទិសដីទួលខាងក្រោយសាកលវិទ្យាល័យ ហើយបានចូលទៅក្នុងបរិវេណសាកលវិទ្យាល័យ។ ពួកគេបានជួបនឹងមន្ត្រីសន្តិសុខ របស់សាកលវិទ្យាល័យចំនួន ២ នាក់។ ជនល្មើសបានប្រើអាវុធកាំភ្លើងភ្ជង់ ដើម្បីចាប់ចងដៃសន្តិសុខទាំងពីរនាក់នៅក្នុងប៉ុស្តិ៍យាម ហើយបាន ដកហូតកាំភ្លើងខ្លី (shotgun) របស់អ្នកយាមទាំង២ដើមផងដែរ។
បន្ទាប់មក ពួកគេបានដើរទៅ (ដាក់វត្ថុបំផ្ទុះ) នៅតំបន់ទូ ATM របស់ធនាគារឥស្លាមថៃ ដែលស្ថិតនៅជិតប៉ុស្តិ៍យាម តាមបណ្តោយផ្លូវក្នុងសាកលវិទ្យាល័យ។ ក្រោយមក ក៏មានសម្លេងផ្ទុះលាន់ឮពេញតំបន់កើតហេតុ បណ្តាលឱ្យទូ ATM ខូចខាតមួយផ្នែក រចនាសម្ព័ន្ធបេតុង និងកញ្ចក់បែកខ្ចាយ ប៉ុន្តែ គ្មានអ្នករងរបួស ឬស្លាប់ ដោយសារហេតុការណ៍នេះទេ។
បន្ទាប់ពីប្រព្រឹត្តបទឧក្រិដ្ឋ ជនល្មើសបាន រត់គេចខ្លួន ហើយគេសង្ស័យថា អាចមានម៉ូតូ ឬយានជំនិះកំពុងរង់ចាំទទួលដើម្បីរត់ចេញពីតំបន់នោះ។ ជាបឋម អាជ្ញាធរជឿជាក់ថា នេះគឺជាសកម្មភាពរបស់ ក្រុមបង្កហេតុអសន្តិសុខក្នុងតំបន់ ដែលមានបំណងបង្កើតស្ថានការណ៍ និងបង្កការរំខានដល់សន្តិភាពក្នុងខេត្តភាគខាងត្បូង៕

