ភ្នំពេញ៖ ប្រជាពលរដ្ឋមានការហួសចិត្តជាខ្លាំង ខណៈនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ មានរថយន្តដឹកអ្នកដំណើរមួយគ្រឿង បានដឹកសំពីងសំពោង តាមបណ្ដោយមហាវិថី ម៉ៅសេទុង ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី២ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយមិនខ្វល់ពីសុវត្តិភាពឡើយ។

តាមរយៈហ្វេសប៊ុកឈ្មោះ Serey Ratana បានសរសេរបង្ហោះដោយភ្ជាប់ជាមួយវិឌីអូមួយថា នៅវេលាម៉ោង០១:៣១នាទីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយមហាវិថី ម៉ៅសេទុង លេខ ២៤៥ ប្រសព្វជាមួយបណ្ដោយវិថីព្រះមុនីរ៉េត លេខ ២១៧ សង្កាត់ទួលស្វាយព្រៃទី២ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានរថយន្តដឹកអ្នកដំណើរមួយគ្រឿងមិនស្គាល់ម៉ាក ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 3F-0233 បានធ្វើដំណើរពីកើតទៅលិច ដោយដឹកសំពីងសំពោង តាមតែអំពើចិត្តនៅលើផ្លូវសាធារណះ ដែលអាចបង្កគ្រោះថ្នាក់ ឫផលប៉ះពាល់ផ្សេងៗដល់អ្នកធ្វើដំណើរ។ល។
តាមខ្លឹមសាររបស់ម្ចាស់អាខោនខាងលើនេះ ក្នុងគោលបំណងជូនដំណឹងដល់សមត្ថកិច្ច នៃសង្កាត់ទួលស្វាយព្រៃទី២ និងខ័ណ្ឌបឹងកេងកង ឱ្យជួយចាត់វិធានការចំពោះរថយន្តដែលដឹកសំពីងសំពោងតាមផ្លូវ នៅកណ្តាលក្រុង ដោយមិនគិតគូពីសុវត្ថិភាពខ្លួនឯង និងអ្នករួមដំណើរលើដងផ្លូវជាមួយគ្នានោះទេ។

ជាការកត់សំគាត់ ចាប់តាំងពីកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានផ្អាកការផាកពិន័យ ទៅលើអ្នកបើកបរល្មើសច្បាប់មួយរយៈពេលកន្លងមកនេះ យើងឃើញថា មានជនមួយចំនួនតូចនៅតែបន្តសកម្មភាពបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនគិតថា ទង្វើទាំងនេះអាចនិងបង្កគ្រោះចរាចរណ៍នោះឡើយ។ ករណីនេះបានបង្ហាញថា ការត្រួតពិនិត្យចរាចរណ៍នៅតាមផ្លូវសាធារណៈនៅកណ្តាលទីក្រុង ត្រូវការការរឹតបន្តឹង និងការយកចិត្តទុកដាក់ពីសមត្ថកិច្ច ដើម្បីការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវចាត់វិធានការយ៉ាងតឹងរឹងចំពោះជនដែរបើកបរល្មើសច្បាប់ចរាចរណ៍តែម្តង។
យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ តែមួយថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួស១៩នាក់ ។ ហើយមូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង។

