ក្រុមជម្រើសជាតិ​អាយុក្រោម ២០​ឆ្នាំ ពី​តំបន់​អាស៊ី ជប៉ុន នឹង​ត្រូវ​ជួប​បារាំង ក្នុងវគ្គ​១៦​ក្រុម​ចុង​ក្រោយ ព្រឹត្តិការណ៍កីឡាករបាល់ទាត់ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០២៥ នៅ​ថ្ងៃទី៨ តុលា ២០២៥។

ខណ:ជំនួប៣គូទៀត រួម​មាន ក្រុមជម្រើសជាតិ​អាយុក្រោម ២០​ឆ្នាំ អាហ្សង់ទីន ជួបនីហ្សេរីយ៉ា កូឡុំប៊ី ជួប អាហ្វ្រិកខាងត្បូង ប៉ារ៉ាហ្គាយ ជួប ន័រវេស នៅ​ថ្ងៃនេះ​ដូច​គ្នា។ ដោយឡែក​សម្រាប់ ម៉ិកស៊ិក បាន​យក​ឈ្នះឈីលី ៤-១ អេស្ប៉ាញ យក​ឈ្នះ អ៊ុយក្រែន ១-០ កក់កៅអីវគ្គ ៨ក្រុម​ចុង​ក្រោយ។

ព្រឹត្តិការណ៍កីឡាករបាល់ទាត់ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០២៥ ដែលជាការប្រកួត​ជើងឯកបាល់ទាត់យុវជនអន្តរជាតិ ២៤ប្រទេសចូលរួម ដោយក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំនៃសមាគមសមាជិករបស់ FIFA ជុំវិញពិភពលោក។

ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ 2025 នឹងក្លាយជាការប្រកួតលើកទី២៤ ដោយ​ធ្វើឡើងនៅប្រទេសឈីលី ចាប់ផ្តើមចន្លោះពីថ្ងៃទីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដើម្បី​រកឃើញ​ម្ចាស់ជើង​ឯក។

ពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងក្នុងឆ្នាំ១៩៧៧ ដោយ​ប្រើ​ឈ្មោះថា FIFA World Youth Championship។ លុះ​ដល់​ឆ្នាំ២០០៧ ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅជា FIFA U-20 World Cup ចាត់ទុកការប្រកួតបាល់ទាត់ពិភពលោក ដែម​មាន​កម្រិត​អាយុក្រោម ២០ឆ្នាំ។

គួរដឹងថា ពានរង្វាន់ FIFA U-20 World Cup ធ្វើឡើង​រៀង​រាល់ ២ឆ្នាំម្ដង ដោយ​ក្រុម​យុវជន​អាយុក្រោម ២០​ឆ្នាំអាហ្សង់ទីន ឈ្នះជើង​ឯក ៦លើក ប្រេស៊ីល ៥លើក ព័រទុយហ្គាល់ និង​ស៊ែប៊ី ២លើក និងអ៊ុយរ៉ាហ្គាយ ហ្គាណា អេស្ប៉ាញ រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស បារាំង និថ​អ៊ុយក្រែន បាន១លើកដូចគ្នា៕

Share.