ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសថៃកាន់តែវឹកវរដោយសារ គ្រោះទឹកជំនន់ផង ភ្លើងឆេះទីកន្លែងកម្សាន្តផង និងឧបទ្ទវហេតុផ្ទុះគ្រាប់បែកផង កាន់តែធ្វើឱ្យប្រជាជនរស់នៅមិនស្រណុកស្រួល និងកាន់តែធ្វើឱ្យភ្ញៀវទេសចរភ័យខ្លាចរអាមិនហ៊ានមកកម្សាន្ត។ យ៉ាងណាមិញ ថ្មីៗនេះនៅប្រទេសថៃមានករណីផ្ទុះគ្រាប់បែកដោយក្រុមឧទ្ទាម និងករណីផ្ទុះគ្រាប់បែកដោយក្មេងទំនើង ដែលបង្ហាញយ៉ាងច្បាស់ថា សព្វថ្ងៃនេះថៃជាប្រទេសអសុវត្ថិភាពបំផុត។

គួរឱ្យអារម្មណ៍បំផុតនៅថ្ងៃនេះសារព័ត៌មានថៃជាច្រើនបានចេញផ្សាយពីករណីឧបទ្ទវហេតុផ្ទុះគ្រាប់បែក ៣គ្រាប់ នៅមុខមជ្ឈមណ្ឌលនគរបាលយុវជន ក្រុងយ៉ាលា ខេត្តយ៉ាលា ភាគខាងត្បូងប្រទេសថៃ។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី ៧ តុលា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ២១និង២៤នាទី បង្កឱ្យពលរដ្ឋរស់នៅក្នុងតំបន់ភ័យខ្លាច ប៉ុន្តែមិនមានអ្នករងរបួស ឬស្លាប់ឡើយ។

បច្ចុប្បន្ន កម្លាំងសន្តិសុខថៃនិងភ្នាក់ងារពាក់ព័ន្ធកំពុងស៊ើបអង្កេត និងពិនិត្យកន្លែងកើតហេតុយ៉ាងម៉ត់ចត់។ សមត្ថកិច្ចថៃ បានអំពាវនាវនិងជូនដំណឹងដល់ប្រជាពលរដ្ឋខ្លួនឱ្យជៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់កើតហេតុ និងរក្សាការស្នាក់នៅក្នុងផ្ទះមួយរយៈសិន ប្រសិនបើគ្មានការចាំបាច់ក្នុងការចេញទៅក្រៅ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន។

ផ្ទុះគ្រាប់បែកមួយករណីទៀត កម្លាំងសមត្ថកិច្ចស្ថានីយនគរបាលខេត្ត អយុធៈយ៉ា ប្រទេសថៃ បានរាយការណ៍អំពីករណីជម្លោះរវាងក្រុមក្មេងទំនើងនៅតំបន់ស្លាកទ្វារវត្ត ក្សត្រាធិរ៉ាត ក្នុងក្រុងអយុធៈយ៉ា។ ក្មេងទំនើងមួយក្រុមនេះបានជិះម៉ូតូចំនួនជាង ៤០ គ្រឿង និងបានបោះគ្រាប់បែកដៃប៉េងប៉ុងជាបន្តបន្ទាប់ បង្កការភ្ញាក់ផ្អើល និងភាពភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងតំបន់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ និង៣០នាទី កណ្ដាលអាធ្យាត ថ្ងៃទី៨ តុលា ឈានចូលថ្ងៃទី ៩ តុលា ដោយកម្លាំងសមត្ថកិច្ចថៃបានចាប់ខ្លួនក្មេងទំនើងចំនួន ៤៥ នាក់ អាយុចន្លោះពី ១៣ ទៅ ១៨ ឆ្នាំ និងឃាត់បានម៉ូតូចំនួន ១២ គ្រឿង។ សមត្ថកិច្ចថៃបានចោទប្រកាន់ក្មេងទំនើងម្នាក់មានអាយុ ១៦ ឆ្នាំ ក្នុងបទ ប៉ុនប៉ងមនុស្សឃាត។ ការស៊ើបអង្កេតនោះកំពុងបន្តពិនិត្យ ថាតើមានក្មេងទំនើងផ្សេងទៀតបានប្រើកាំភ្លើងក្នុងករណីនេះដែរឬទេ? ដោយសារសមត្ថកិច្ចបានរកថា អាវុធកាំភ្លើងនៅនឹងកន្លែងកើតហេតុ។

Share.