បើតាមរដ្ឋមន្រ្តីការពារជាតិថៃ លោក Nattaphon Narkphanit បាននិយាយកាលពីថ្ងៃអង្គារ ថា ករណីចូលប្លន់ហាងមាសនៅក្នុងផ្សារទំនើប BigC នៅស្រុក ស៊ូ ងៃកូឡុក យកមាសប្រមាណជា ៦គីឡូកាលពីល្ងាចថ្ងៃទី៥ ខែតុលា គឺជាស្នាដៃរបស់ក្រុមផ្ដាច់ខ្លួន Barisan Revolusi Nasional (BRN) និងបានចោទក្រុមនេះថា រត់ឆ្លងដែនចូលទៅក្នុងប្រទេសម៉ាឡេស៊ីយ៉ាងមានសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។

លោក Nattaphon បញ្ជាក់ថា ប្រតិបត្តិការតាមចាប់ខ្លួនក្រុមចោរប្រដាប់អាវុធខាងលើធ្វើសកម្មភាពប្លន់ដោយរលូនបានយ៉ាងមានសុវត្ថិភាពបែបនេះ ទាល់តែមានការអន្តរាគមន៍ពីសមត្ថកិច្ចរបស់ប្រទេសម៉ាឡេស៊ី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ក្រុមចោរទាំងនោះមានគ្នា ១០នាក់ ចូលប្លន់មាស និងគ្រឿងអលង្កាមានតម្លៃ ៣៥,៦លានបាត (ស្មើនឹងជាង ១លានដុល្លារអាមេរិក) រួចធ្វើដំណើរតាមរថយន្ដភីកអាប់ ២គ្រឿង លើផ្លូវនៅឃុំ Sakor ស្រុក Waeng ឆ្លងដែនចូលប្រទេសម៉ាឡេស៊ី។





អាជ្ញាធរខេត្ត Narathiwat បញ្ជាក់ថា ពួកគេ គឺជាក្រុមបះបោរភាគខាងត្បូង ដោយធ្វើសកម្មភាពចែកជា ៣ក្រុមដូចជា ក្រុមលួចរថយន្ដ ក្រុមប្លន់ហាងមាស និងក្រុមបាចដែកគោលតាមផ្លូវដើម្បីរារាំងផ្លូវរបស់សមត្ថកិច្ច។
រហូតមកដល់ថ្ងៃទី៤ នេះ នៅមិនទាន់មានតម្រុយណាមួយត្រូវបានទម្លាយមកខាងក្រៅនោះទេ ដោយសារតែខាងភាគីថៃ កំពុងស្នើសុំឱ្យមានកិច្ចសហការជាមួយសមត្ថកិច្ចរបស់ប្រទេសម៉ាឡេស៊ី ដើម្បីតាមចាប់ខ្លួន និងយកវត្ថុមានតម្លៃនោះត្រឡប់មកវិញ។

យ៉ាងណាមិញ សមត្ថកិច្ចរបស់ប្រទេសម៉ាឡេស៊ីនៅមិនទាន់បកស្រាយបញ្ហានេះនៅឡើយទេ ឬគ្រាន់តែជាការចោទប្រកាន់តែម្ខាងចេញពីមាត់របស់រដ្ឋមន្រ្តីការពារជាតិថៃ ដែលគ្មានមូលដ្ឋានច្បាស់លាស់ដូចដែលភាគីថៃកន្លងមកធ្លាប់បានចោទកម្ពុជាទាំងងងើលយ៉ាងដូច្នោះដែរ៕
ចុចអាន៖ ឧក្រិដ្ឋជន១០នាក់ ស្លៀកពាក់ខ្មៅបិទមុខជិតចូលប្លន់ហាងមាសយកបានមាស ៦គីឡូ នៅខេត្តភាគខាងត្បូងថៃ…

