តាមនាយកដ្ឋានព័ត៌មាន នៃក្រសួងការពារជាតិបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្នើធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅអំឡុងដែលលោកនឹងត្រូវបង្ហាញវត្តមានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីនាថ្ងៃខាងមុខនេះគឺចន្លោះថ្ងៃទី ២៦-២៨ ខែ​តុលា ឆ្នាំ ២០២៥។

មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន Politico របស់អាមេរិក ដែលបានចុះផ្សាយកាលពីដើមសប្ដាហ៍នេះដោយដកស្រង់ចេញពីសេតវិមានថា សេតវិមានបានជម្រាទៅមន្ត្រីម៉ាឡេស៊ីអំពីវត្តមានលោកប្រធានាធិបតី ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ លុះត្រាតែលោកត្រូវបានអនុញ្ញាតឱ្យធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាដ៏ឧឡារិកមួយនៅក្រៅកិច្ចប្រជុំ។

គោលបំណងព្រឹត្តិការណ៍នេះ​ត្រូវបានគេមើលឃើញថា​ជាឱកាសដ៏សំខាន់សម្រាប់លោក ដូណាល់ ត្រាំ ដើម្បីលើកកម្ពស់តួនាទីរបស់លោកក្នុងការសម្របសម្រួល​បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ កាលពីខែកក្កដា ឆ្នាំ ២០២៥ ដែល​កម្ពុជាបានធ្វើការសរសើរ​និងបានស្នើតែងតាំងលោកជាបេក្ខភាពសម្រាប់ពានរង្វាន់ណូបែលសន្តិភាពទៀតផង។

ការសម្របសម្រួលដំបូងនៃកិច្ចព្រមព្រៀង​បទឈប់បាញ់រវាងកម្ពុជា និងថៃ​ត្រូវបានសម្រេចនៅថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០២៥ ដែលត្រូវបានសម្របសម្រួលដោយនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Anwar Ibrahim ក្នុងនាមជាប្រធានអាស៊ានប្ដូរវេនដោយមានការចូលរួមយ៉ាងសកម្មពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងការសម្របសម្រួលពីប្រទេសចិនផងដែរ។

របៀបវារៈចម្បងរបស់អាស៊ាន​គឺការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការលើកកម្ពស់និរន្តរភាព និងការពិភាក្សាលើបញ្ហាក្នុងតំបន់ដទៃទៀត​ដូចជាវិបត្តិនៅប្រទេស​មីយ៉ាន់ម៉ា​ជាដើម។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្រៅរបៀបវារៈផ្លូវការ។

ដូច្នេះការធ្វើជាអធិបតីលើពិធីចុះហត្ថលេខាជាផ្លូវការនេះ ស្ថិតក្នុងផែនការ​និងលក្ខខណ្ឌដោះដូរដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើសុំសម្រាប់ការបង្ហាញវត្តមានចូលរួមរបស់លោកក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី។ កិច្ចប្រជុំ​នេះត្រូវបានរំពឹងថា​នឹងមានការចូលរួមពីមេដឹកនាំពិភពលោកសំខាន់ៗជាច្រើន ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិនលោក Xi Jinping នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងមេដឹកនាំប្រទេសធំៗដទៃទៀត៕

Share.