ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងរយៈពេលជាង ២ឆ្នាំ នៃនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញជនបរទេសពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញ) សរុបជាង ១៥ ០០០នាក់ រួចមកហើយ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់” នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នាទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្ដិបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា តួលេខនៃការបណ្ដេញចេញជនបរទេសជាង ១៥,០០០នាក់នេះ គឺស្ថិតក្នុងរយៈពេលខ្លីជាងអាណត្តិទី៦ ទៅទៀត ដែលកាលណោះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងសម្ដេចក្រឡាហោម ស ខេង កម្ពុជាបានបណ្ដេញជនបរទេសពាក់ព័ន្ធអនឡាញប្រមាណជាង ២១ ០០០នាក់ ក្នុងមួយអាណត្តិ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបណ្ដេញជនបរទេសទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ ទៅលើកិច្ចការងារប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ។

ទោះជាយ៉ាងណា ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា កិច្ចការងារបង្ក្រាបបទល្មើសអនឡាញនេះ មិនមែនតែកម្ពុជាម្នាក់ឯងទទួលខុសត្រូវនោះទេ ព្រោះការវិវត្តន៍នៃការឆបោកបទល្មើសអនឡាញមានភាពជឿនលឿន និងមានលក្ខណៈខុសប្លែកពី ៥ឆ្នាំមុន ហើយបទល្មើសនេះមិនមែនជាទីផ្សារសម្រាប់ក្រុមឧក្រិដ្ឋជនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ គឺវាជាបញ្ហាពិភពលោក។ ហេតុនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានស្នើដល់បណ្ដាប្រទេសនានា ស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីរួមគ្នាបង្ក្រាប បទល្មើសអនឡាញនេះឱ្យបានកាន់តែមានប្រសិទ្ធភាព។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គស្នងការរង អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានី ខេត្ត លោក លោកស្រី ដែលជាវាគ្មិន សមាជិក សមាជិកា និងមន្ត្រីជំនាញពាក់ព័ន្ធចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិជាច្រើនរូបទៀតផងដែរ៕

អត្ថបទ៖ត្រយង

Share.