កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ និងអ្នកពាក់ព័ន្ធ បើកដំណើរការ គម្រោងពង្រឹងសមត្ថភាពគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ)។

ក្នុងឱកាសនោះលោក ជុំ សាឯម នាយកអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ(IJM) លើកឡើងថា គោលបំណងអំពីការបើកដំណើរការនេះ គឺសំដៅទៅលើការពង្រឹងបន្ថែមអំពីភារកិច្ច សកម្មភាពរបស់អង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) និងបង្ហាញពីសារៈសំខាន់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងខេត្តគោលដៅ បង្កើនបណ្តាញទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ មន្ត្រីលេខាធិការដ្ឋាន គ.ខ.ប.ជ ព្រមទាំងក្រុមការងារថ្នាក់អន្តរមន្ទីរប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។

លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ លើកឡើងថា គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស មានក្រុមការងារទាំង៦ ជាសេនាធិការ បានយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបានស្តារនីតិ សម្បទាជនរងគ្រោះ ជួយជនរងគ្រោះដែលត្រូវបានជនល្មើសនិងមេខ្យល់កេងប្រវ័ញ្ចកម្លាំងពលកម្ម។

ដើម្បីទប់ ស្កាត់សកម្មភាពទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសជូនប្រជាពលរដ្ឋក្នុងការបង្កើនប្រាក់ ចំណូលទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក តាមរយៈការចុះអនុសារណៈរវាងមួយក្រុមហ៊ុនស្របច្បាប់ជាមួយ និងក្រុមហ៊ុន ព្រមទាំងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល ក្នុងគោលដៅលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍ដោយ ប្រថុយប្រថានមិនមានការធានាផ្នែកច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់។

លោកស្រី ណែនាំដល់ មន្ត្រីដែលទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសមាសភាពអង្គការដៃគូ ក្រុមការងារទាំង៦ សូមបន្ត ខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ច ដោយមានភាពទំនួលខុសត្រូវ ចូលរួមក្នុងកិច្ចសហការជាមួយអង្គការ IJM ដើម្បីឱ្យគម្រោងនេះទទួលបានលទ្ធផលល្អប្រសើរសម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិឆ្នាំ ២០២៤-២០២៨ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៕

អត្ថបទ៖ កំពង់ធំ

Share.