កាលពីពេលថ្មីៗនេះនៅពេលចូលរួមក្នុងកម្មវិធីមួយ Peter Ho ហៅ លីពូ តារាសម្ដែងវ័យ៤៦ឆ្នាំបានឱ្យដឹងថាលោកនិងភរិយាបានជួបជុំគ្នាវិញហើយ ក្រោយពីត្រូវរស់នៅបែកគ្នាជិតមួយឆ្នាំព្រោះតែជំងឺកូវីដ-១៩។ កាលពីឆ្នាំមុនលោកថតភាពយន្តនៅចិនដីគោក ចំណែកភរិយារបស់លោកនៅតៃវ៉ាន់។ លីពូ និងភរិយា Peggy រៀបការជាមួយគ្នា៥ឆ្នាំហើយ អ្នកទាំងពីរចង់បានកូន ប៉ុន្តែពេញចិត្តប្រើវិធីធម្មជាតិ ជាងវិធីផ្សំកំណើតបែបសិប្បនិម្មិត។
Peter បាននិយាយថាឪពុកម្ដាយទាំងសងខាងធ្លាប់រំអុកឱ្យអ្នកទាំងពីរគិតគូររឿងកូនចៅ ប៉ុន្តែកន្លងមកមួយរយៈគ្រួសារទាំងសងខាងក៏ឈប់និយាយដល់រឿងនេះទៀតព្រោះមិនចង់ឱ្យលោកនិងភរិយាមានសម្ពាធ។ ចាប់តាំងពីរៀបអាពាហ៍ពិពាហ៍លោកបានចំណាយពេលវេលានិងកម្លាំងដើម្បីការងារ ប៉ុន្តែបច្ចុប្បន្នលោកបានរៀបចំតារាងការងារសារថ្មីហើយចំណាយពេលវេលាឱ្យច្រើននៅជាមួយនឹងភរិយារបស់លោកវិញ។
សព្វថ្ងៃតួអង្គ លីពូ លែងទទួលសម្ដែងតួឯកទៀតហើយ លោកទទួលសម្ដែងតែតួអង្គរងដើម្បីកាត់បន្ថយការចំណាយពេលវេលាច្រើននៅកន្លែងថត មិនតែប៉ុណ្ណោះលោកថែមទាំងងាកមកផ្ដោតលើការងារជាអ្នកដឹកនាំវិញ ដោយឆាប់ៗខាងមុខនេះលោកមានផែនការដឹកនាំរឿងចំនួនពីរដែលស្ដីពី អាពាហ៍ពិពាហ៍និងគ្រួសារ។
សម្រាប់លីពូ និងភរិយា Peggy ស្រលាញ់និងសេពគប់គ្នារយៈពេល៨ឆ្នាំទម្រាំសម្រេចចិត្តរៀបការជាមួយគ្នានៅឆ្នាំ២០១៦។ មុនរៀបការ Peggy តែងតែសរសេរនូវអ្វីដែលខ្លួនយល់ឃើញដោយសេរីភាព ប៉ុន្តែក្រោយរៀបការជាមួយនឹង Peter Ho ហៅលីពូ ស្ត្រីរូបនេះបានផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួន ហើយប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ពាក្យលើបណ្ដាញសង្គម ដើម្បីបញ្ចៀសប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសិល្បៈរបស់ស្វាមី។ទោះជាព្យាយាមបែបនេះក្ដី Peggy នៅតែរងការវាយប្រហារជាច្រើនលើអ៊ិនធឺណិតរហូតមានអារម្មណ៍មិនល្អ ប៉ុន្តែជាសំណាងដែលនារីរូបនេះរៀនរស់នៅនិងទទួលយកពាក្យអាក្រក់ៗ ទើបមិនមានប៉ះទង្គិចបញ្ហាផ្លូវចិត្ត។

គួរដឹងថា Peggy ធ្វើការនៅក្នុងវិស័យ Fashion ខណៈដែល Peter Ho ល្បីល្បាញតាមរយៈការសម្ដែងភាពយន្ត ភាពយន្តទូរទស្សន៍ និង TV Show។ តារាសម្ដែង Peter ត្រូវបានអ្នកទំនាញលើកសរសើរខ្លាំងតាមរយៈស្នាដៃរឿង «Han Dynasty» «Wind and Cloud» «Butterfly Lover ស៊ូប៉ិអេងតាយ» និងភាពយន្ត «Goddess of Mercy»៕





