ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានផ្ញើលិខិតជាថ្មីម្ដងទៀតទៅកាន់លោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីស្នើសុំឲ្យមានអន្តរាគមន៍បន្ទាន់លើករណី ការគំរាមកំហែងដែលបន្តកើតមានលើសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋកម្ពុជា តាមព្រំដែនកម្ពុជា-ថៃ។

គ.ស.ម.ក. បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយបានទទួលរបាយការណ៍គួរឱ្យទុកចិត្តបានថា កងទ័ពថៃមានគម្រោងប្រើប្រាស់ច្បាប់អាជ្ញាសឹក ដើម្បី បណ្តេញប្រជាជនកម្ពុជាចេញដោយបង្ខំ ពីផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគាត់ ដែលស្ថិតក្នុងដែនដីកម្ពុជា។ ការគំរាមកំហែងនេះនៅតែកើតមាន ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ព្រមព្រៀងទាំង ១៣ចំណុច នៃកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក៏ដោយ។

គ.ស.ម.ក. បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាដែលរងការបណ្តេញចេញដោយបង្ខំរួចហើយ និងអ្នកដែលកំពុងរងការគំរាមកំហែង កំពុងប្រឈមនឹង ការឈឺចាប់ និងទុក្ខលំបាកជាទម្ងន់។ គ្រួសារទាំងនោះបានរស់នៅលើទីតាំងនេះជាច្រើនជំនាន់មកហើយ ដោយបានកសាងទាំងផ្ទះសម្បែង សហគមន៍ ទីកន្លែងប្រកបរបរចិញ្ចឹមជីវិត និងអត្តសញ្ញាណវប្បធម៌។

ការបាត់បង់ផ្ទះសម្បែងនឹងបង្កឱ្យមានភាពគ្មានផ្ទះសម្បែងជ្រកកោន ភាពក្រីក្រ និងអស្ថិរភាពសង្គម ដោយបាត់បង់ទីជម្រកសុវត្ថិភាព សន្តិសុខ និងការទទួលបានសេវាជាមូលដ្ឋាន។ ផលប៉ះពាល់រួមមាន៖

  • កុមារ ត្រូវបង្ខំឱ្យបោះបង់ចោលការសិក្សា។
  • មនុស្សចាស់ ប្រឈមនឹងបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ។
  • ស្ត្រីនិងក្រុមជនងាយរងគ្រោះ ត្រូវស្ថិតនៅក្នុងហានិភ័យកាន់តែខ្លាំង។
  • ផលប៉ះពាល់ផ្លូវចិត្ត ដោយសារភាពមិនប្រាកដប្រជា ការគំរាមកំហែង និងការភ័យខ្លាចពីការបាត់បង់ផ្ទះសម្បែង។

ក្នុងលិខិតនោះ គ.ស.ម.ក. បានស្នើសុំឲ្យអ្នករាយការណ៍ពិសេស UN ប្រើប្រាស់អាណត្តិរបស់ខ្លួនក្នុងការ ទំនាក់ទំនងជាបន្ទាន់ជាមួយនឹងរាជរដ្ឋាភិបាលប្រទេសថៃ ដើម្បី៖

  1. ធានាដល់ការគោរពសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់។
  2. បង្ការការរំលោភបំពានណាមួយផ្សេងទៀត។
  3. សម្របសម្រួលឱ្យមានវិធានការដោះស្រាយសមរម្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

គ.ស.ម.ក. ក៏បានសម្តែង ការខកចិត្តយ៉ាងខ្លាំង ដែលអ្នករាយការណ៍ពិសេសមិនទាន់បានឆ្លើយតបនឹងញត្តិបន្ទាន់របស់ខ្លួនកាលពីមុន ហើយបានព្រមានថា ការបន្តភាពស្ងៀមស្ងាត់បែបនេះអាចនឹងធ្វើឱ្យ ប៉ះពាល់ដល់ទំនុកចិត្តលើយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងប្រសិទ្ធភាពនៃយន្តការនីតិវិធីពិសេស។

គ.ស.ម.ក. បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសហការជាមួយយន្តការសិទ្ធិមនុស្សទាំងអស់របស់អង្គការសហប្រជាជាតិ និងបានទទូចឲ្យអ្នករាយការណ៍ពិសេស UN ដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីគាំទ្រដល់សំណើរបស់កម្ពុជាក្នុងការទាមទារការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ៕

Share.