ភ្នំពេញ ៖ យុវជនម្នាក់អាយុ១៧ឆ្នាំ ជាកម្មករនៅសិប្បកម្មធ្វើនំ ជាអកុសលបានឆក់ចរន្តអគ្គិសនីស្លាប់នៅកន្លែងធ្វើការ ម្ចាស់ទីតាំងហៅរថយន្តឯកជនដឹកសពយកទៅវត្តហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញតាមក្រោយ ។


ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅសិប្បកម្មធ្វើនំ យុីហោ ធី ធី ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ផុន ដាណា ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករសិប្បកម្មផលិតនំ TT ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើត មានស្រុកកំណើតនៅឯខេត្តពោធិ៍សាត់ ។





តាមប្រភពមួយបានឱ្យដឹងថា ជនរងគ្រោះ បានឆក់ចរន្តអគ្គិភ័យនៅកន្លែងធ្វើការ ស្លាប់ភ្លាមៗនៅកន្លែង ហើយត្រូវបានម្ចាស់ទីតាំងព្យាយាមបិទបាំងព័ត៌មាន មិនហ៊ានរាយការណ៍ទៅសមត្ថកិច្ចភ្លាមទេ ម្យ៉ាងជនរងគ្រោះជាអនីតិជន សុខចិត្តហៅជួលរថយន្តឯកជន មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-7954 ដឹកសពយកទៅវត្ត ហើយក៏មិនហ៊ានដាក់ចុះពីរថយន្តដែរ ទុករហូតដល់រសៀលថ្ងៃដដែល ទើបរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យ ។
ប្រភពដដែលបន្ដថា ការស្លាប់របស់យុវជនខាងលើ ទាំងម្ចាស់ទីតាំង ទាំងអ្នករកសុីដឹកសព ហាក់បីដូចជាលាក់បាំងព័ត៌មាន អូសបន្លាយច្រើនម៉ោង ទើបរាយការណ៍ជាក្រោយ ដើម្បីឱ្យជំនាញពិនិត្យកោសល្យវិច័យ មុននឹងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។
បន្ទាប់ពីកើតមានកម្មករជាអនីតិជនស្លាប់ ក្នុងសិប្បកម្មខាងលើ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ អធិការកិច្ច ក្រសួងការងារ បន្តចុះទៅសាកសួរ ដល់ទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវបន្ដ៕
អត្ថបទ៖ តាតុងសែនជ័យ

