ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី១១ហើយ ស្របពេលមានក្រុមចំនួន៥ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់សោះ រួមមាន៖ មន្ទីរ អយក ខេត្តកំពត សមាគមនបាល់ទាត់ ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ ក្លិបបាល់ទាត់ ឈើតុំ ខេត្តពោធិ៍សាត់ និងក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប។

សម្រាប់លទ្ធផលឆ្លងកាត់ការប្រកួតកន្លងមករបស់ក្រុមទាំង ៥រួមមាន៖
- មន្ទីរ អយក ខេត្តកំពត៖ ឆ្លងកាត់ ៤ប្រកួត ឈ្នះ ៣ប្រកួត ស្មើ ១ប្រកួត ឈរកំពូលតារាងពូល ក មាន ១០ពិន្ទុ

- សមាគមនបាល់ទាត់ ខេត្តត្បូងឃ្មុំ៖ ឆ្លងកាត់ ៦ប្រកួត ឈ្នះ ៦ប្រកួត ឈរកំពូលតារាងពូល គ មាន ១៨ពិន្ទុ

- ខេត្តបន្ទាយមានជ័យ៖ ឆ្លងកាត់ ៥ប្រកួត ឈ្នះ ២ប្រកួត ស្មើ ៣ប្រកួត ឈរកំពូលតារាងពូល ឃ មាន ៩ពិន្ទុ

- ក្លិបបាល់ទាត់ ឈើតុំ ខេត្តពោធិ៍សាត់៖ ឆ្លងកាត់ ៥ប្រកួត ឈ្នះ ២ប្រកួត ស្មើ ៣ប្រកួត ឈរលេខ ២ពូល ឃ មាន ៩ពិន្ទុ

- ក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប៖ ឆ្លងកាត់ ៥ប្រកួត ឈ្នះ ៤ប្រកួត ស្មើ ១ប្រកួត ឈរកំពូលតារាងពូល ង មាន ១៣ពិន្ទុ

តារាងចំណាត់ថ្នាក់ ត្រឹមការប្រកួតសប្ដាហ៍ទី១១៖

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ចាប់ផ្តើមដំណើរការប្រកួតវគ្គជម្រុះក្នុងពូលចាប់ពីថ្ងៃទី២២ ខែកក្កដា នេះតទៅ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានក្រុមតំណាងខេត្ត និងរាជធានីចំនួន ១៩ក្រុម បែងចែកជា ៥ពូល ចូលរួមប្រកួត។
ចំពោះរូបមន្តប្រកួតគឺរក្សាដូចរដូវកាលឆ្នាំមុនៗដែរ ដោយតម្រូវឱ្យក្រុមដែលជាសមាជិកទាំង ១៩ក្រុមខេត្ត-រាជាធានី ប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលចំនួន២ជើង (Home/Away) យកក្រុមលេខ១ និងលេខ២ ឡើងជុំបន្ត នឹងបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
សូមរឭកថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤-២៥ កន្លងទៅ បានទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណៈជើងឯកថ្នាក់ជាតិបានលើក្លិបបាល់ទាត់ភ្នំពេញក្រោន។
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

