យោងតាមរបាយការណ៍ព័ត៌មានជាច្រើនបានឱ្យដឹងថា កងទ័ពសហរដ្ឋអាមេរិកត្រូវបានបញ្ជូនទៅកាន់ អ៊ីស្រាអែល ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីគាំទ្រ និងជួយឃ្លាំមើលបទឈប់បាញ់។

ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីពីររូបដែលបានបញ្ជាក់របាយការណ៍នេះដោយលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាលម្អិតដែលមិនទាន់ត្រូវបានអនុញ្ញាតឱ្យផ្សព្វផ្សាយ ដោយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា ដំបូងឡើយ ទាហាន ២០០ នាក់ នឹងឈរជើងនៅទីនោះជាមួយនឹង “មជ្ឈមណ្ឌលសម្របសម្រួលស៊ីវិល-យោធា” ដែលដំណើរការដោយបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (US Central Command) ដើម្បីជួយសម្រួលដល់លំហូរជំនួយមនុស្សធម៌ ក៏ដូចជាជំនួយផ្នែកភស្តុភារ និងសន្តិសុខចូលទៅក្នុងទឹកដីដែលរងគ្រោះដោយសង្គ្រាមអស់រយៈពេលពីរឆ្នាំនេះ។

អ៊ីស្រាអែល និងហាម៉ាសបានយល់ព្រមផ្អាកអរិភាពនៅហ្គាហ្សាកាលពីថ្ងៃព្រហស្បតិ៍ ដែលជាកិច្ចព្រមព្រៀងមួយដែលលោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Truth Social របស់លោក ដោយនិយាយថា វាជាជំហានដំបូងឆ្ពោះទៅរក “សន្តិភាពដ៏រឹងមាំ យូរអង្វែង និងស្ថិតស្ថេរ” ។ សំណួរជាច្រើននៅតែមានអំពីជំហានបន្ទាប់ រួមទាំងការរំសាយអាវុធរបស់ហាម៉ាស ការដកកងកម្លាំងអ៊ីស្រាអែលចេញពីហ្គាហ្សា និងរដ្ឋាភិបាលនាពេលអនាគតនៅក្នុងទឹកដីនោះ។
ភាគីទាំងពីរបានយល់ព្រមលើ ការដោះដូរចំណាប់ខ្មាំង-អ្នកទោស ដែលនឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលប្រហែល ២០ នាក់ដែលគេជឿថានៅមានជីវិត និងសាកសពរបស់អ្នកផ្សេងទៀតដែលបានស្លាប់ រួមទាំងអ្នកទោសប៉ាឡេស្ទីនប្រហែល ២,០០០ នាក់ដែលត្រូវបានឃុំឃាំងនៅក្នុងពន្ធនាគារអ៊ីស្រាអែល។

ប្រជាជនជាង ២ លាននាក់ត្រូវបានផ្លាស់ទីលំនៅនៅហ្គាហ្សា ហើយមន្ត្រីមនុស្សធម៌បានរង់ចាំយ៉ាងអន្ទះសារនូវការអនុញ្ញាតពីអ៊ីស្រាអែលដើម្បីបញ្ជូនជំនួយដែលត្រូវការជាចាំបាច់នៅទីនោះ។ ចាប់ពីខែមិនា ដល់ខែឧសភា ឆ្នាំនេះ អ៊ីស្រាអែលបានដាក់ការបិទខ្ទប់ទាំងស្រុងនូវការផ្គត់ផ្គង់ចូលក្នុងតំបន់នេះ ហើយភាពអត់ឃ្លានត្រូវបានប្រកាសនៅក្នុងផ្នែកខ្លះនៃហ្គាហ្សាកាលពីខែសីហា។ យោងតាមអង្គការសហប្រជាជាតិ (UN) មានតែ ២០% នៃជំនួយដែលត្រូវការប៉ុណ្ណោះត្រូវបានបញ្ជូនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបាននិយាយថា ស្បៀងអាហារ ឱសថ និងការផ្គត់ផ្គង់ផ្សេងទៀតប្រហែល ១៧០,០០០ តោនគឺបានត្រៀមរួចរាល់សម្រាប់ការចែកចាយ។

បន្ទាប់ពីការប្រកាសកាលពីថ្ងៃពុធ ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Tom Fletcher បានអំពាវនាវឱ្យច្រកចូលទាំងអស់របស់ហ្គាហ្សាត្រូវបើក ដើម្បីឱ្យជំនួយអាចត្រូវបានបញ្ជូនក្នុង “កម្រិតដ៏ធំធេងជាងនេះទៅទៀត” ។
លោក Fletcher បានប្រាប់ AP ថា៖ «ដោយសារកម្រិតនៃតម្រូវការ កម្រិតនៃការអត់ឃ្លាន កម្រិតនៃភាពវេទនា និងភាពអស់សង្ឃឹម គឺតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដ៏ធំសម្បើម ហើយនោះជាអ្វីដែលយើងបានត្រៀមខ្លួនរួចជាស្រេច»។ «យើងពិតជាត្រៀមខ្លួនរួចរាល់ដើម្បីចាត់ចែង និងចែកចាយក្នុងទ្រង់ទ្រាយធំ»៕

