យោងតាមអាជ្ញាធររញ្ជួយដី គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ បានវាយប្រហារតំបន់ Mindanao នៃប្រទេសហ្វីលីពីន ដែលបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នាថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥។

បន្ទាប់ពីការកត់ត្រាកម្រិតរ៉ិចទ័រដំបូងពីមជ្ឈមណ្ឌលស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) និងមជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) នាថ្ងៃសុក្រ នេះ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានកត់ត្រាការរញ្ជួយដីនេះជាកម្រិត ៧.៦រ៉ិចទ័រ។
EMSC បាននិយាយថា គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយក្នុងដី ៥៨គីឡូម៉ែត្រ។ ទន្ទឹមនោះ ប្រធានផ្នែកតាមដានគ្រោះរញ្ជួយដីហ្វីលីពីន បាននិយាយថា ទីភ្នាក់ងារបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីនេះបានវាយប្រហារចម្ងាយប្រហែល ២០គីឡូម៉ែត្រពីទីក្រុង Manay នៅម៉ោង ៩:៤៣នាទីព្រឹកនេះ (ម៉ោងក្នុងស្រុក)។

ការិយាល័យគ្រោះរញ្ជួយដីហ្វីលីពីន បាននិយាយថា រលកកម្ពស់១ម៉ែត្រ ត្រូវបានព្យាករណ៍ថានឹងមកដល់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក របស់ប្រទេស ក្នុងរយៈពេល ២ម៉ោងទៀត។

ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរបានជំរុញឱ្យប្រជាជនរស់នៅតំបន់ឆ្នេរក្នុងតំបន់រងផលប៉ះពាល់ឱ្យជម្លៀសចេញទៅកាន់កន្លែងសុវត្ថិភាពភ្លាមៗ។ យ៉ាងណាមិនទាន់មានរបាយការណ៍អំពីការខូចខាតនោះទេ។

ដោយឡែក ប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក ក៏បានចេញការព្រមានអំពីការគំរាមកំហែងរលកយក្សស៊ូណាមិផងដែរ ដោយនិយាយថា វាអាចកើតឡើង និងបង្កគ្រោះថ្នាក់ដល់ឆ្នេរសមុទ្រមួយចំនួនដែលស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រ ពីចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះ៕

